កម្ពុជា បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ២៩​នាក់​ទៀត និង​មាន​អ្នកជា​សះស្បើយ ៣៤​នាក់​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២១​នេះ បានប្រកាស​បន្ត​ពី​ការរកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន ២៩​នាក់​ទៀត ខណៈ​អ្នកជំងឺ​ចំនួន ៣៤​នាក់​បានជា​សះស្បើយ​។​

​ក្រសួង បញ្ជាក់ទៀតថា អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទាំង ២៩​នាក់​នោះ មាន​២​នាក់ ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស និង​២៧​នាក់ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ មាន​ជនជាតិខ្មែរ ជន​ជ​សតិ​ចិន ជនជាតិ​នី​ហ្សេ​រី​យ៉ា និង​ជនជាតិ​អាមេរិក ដែល​រកឃើញ​នៅ​រាជធានី​ភ្នំពេញ ២២​នាក់ ខេត្តកោះកុង ៣​នាក់ ខេត្តព្រៃវែង​ម្នាក់ និង​ត្បូងឃ្មុំ​ម្នាក់​។​

​ចំណែក​ករណី​ជាសះស្បើយ​ទាំង ៣៤​នាក់ ជា​អ្នក​ឆ្លង​ក្នុង​សហគមន៍ ៣៣​នាក់ និង​អ្នកដំណើរ​ពី​ក្រៅប្រទេស ម្នាក់ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន និង​បាន​អនុញ្ញាតអោយ​ចេញពី​កន្លែង​សម្រាក​ព្យាបាល​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២១​នេះ កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ១ ៨១៧​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ ១ ០៣៣​នាក់ កំពុង​សម្រាក​ព្យាបាល ៧៧៧​នាក់ ស្លាប់​ដោយ​កូ​វីដ​១៩ ៥​នាក់ និង​២​នាក់​ទៀត ស្លាប់​ដោយសារ​ជំងឺ​រើ​ឡើង ក្នុងពេល​ព្យាបាល​ជំងឺ​កូ​វីដ​១៩​។ សម្រាប់​អ្នក​ឆ្លង​ក្នុង​សហគមន៍ គឺ​កើនឡើង ១ ២៩៣​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close