កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ក្រុមការងារ​សម្របសម្រួល​ការដឹកជញ្ជូន​អាស៊ាន​លើក​ទី​៤០ ក្នុងឋានៈ​ជា​ប្រធាន​ប្តូរ​វេន​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២១ នៅ​ទីស្ដីការក្រសួង លោក គង់ សុផល អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក និង​ជា​ប្រធាន​ប្តូរ​វេន​នៃ​ក្រុមការងារ​សម្របសម្រួល​ការដឹកជញ្ជូន​អាស៊ាន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​សម្របសម្រួល​ការដឹកជញ្ជូន​អាស៊ាន​លើក​ទី​៤០​។

​កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្តទៅ​រយៈពេល​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៣ ដល់ ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ ដោយ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ សហការ​ជាមួយ​លេខាធិការដ្ឋាន​អាស៊ាន និង​មានការ​អញ្ជើញ​ចូលរួម​ដោយផ្ទាល់​ពី​ថ្នាក់ដឹកនាំ​ក្រសួង​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា និង​ការចូលរួម​ពី​ចម្ងាយ​ពី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា តំណាង​ប្រទេស​នៃ​រដ្ឋ​ជា​សមាជិក​អាស៊ាន និង​ដៃគូ​អភិវឌ្ឍន៍​នានា​ផងដែរ​។​

​អង្គប្រជុំ​នេះ​បាន​ពិភាក្សា​ដោយ​ផ្តោតជាសំខាន់​លើ​បច្ចុប្បន្នភាព​នៃ​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ក្នុង​តំបន់ ការស្តារ​ឡើងវិញ​នូវ​ការដឹកជញ្ជូន​ក្នុង​តំបន់​នៃ​រដ្ឋ​ជា​សមាជិក​អាស៊ាន​ឱ្យមាន​ប្រសិទ្ធភាព ការពិនិត្យ​មើល​អនុសា​សន៍​និង​សកម្មភាព​តាមដាន​នៃ​កិច្ចប្រជុំ​កន្លងមក ស្ថានភាព​នៃ​ការឱ្យ​សច្ចាប័ន​លើ កិច្ចព្រមព្រៀង​សម្របសម្រួល​ដឹកជញ្ជូន​អាស៊ាន ការបង្កើត​និង​អនុវត្ត​នីតិវិធី​ពាក់ព័ន្ធ​ក្នុង​កិច្ច​សម្រួល ការដឹកជញ្ជូន​របស់​អាស៊ាន និង​ការគាំទ្រ​ប្រតិបត្តិការ​នៃ​គណៈកម្មាធិការ​សម្របសម្រួល​ដឹកជញ្ជូន​ឆ្លងកាត់​។

​អង្គប្រជុំ​ក៏ បាន​ពិភាក្សា​ផងដែរ​លើ​របាយការណ៍​ស្ដីពី​បញ្ហា​ពាក់ព័ន្ធ​នឹង​គយ របាយការណ៍​ស្តីពី​បញ្ហា​ពាក់ព័ន្ធ​ការធានារ៉ាប់រង លិខិតអនុញ្ញាត​រថយន្ត​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​អាស៊ាន ប្រព័ន្ធ​តាមដាន​ដឹកជញ្ជូន ការអភិវឌ្ឍ​ក្របខណ្ឌ​ច្បាប់​ដើម្បី​គាំទ្រ​ការដឹកជញ្ជូន​ពហុ​មធ្យោបាយ ការពង្រឹង​កិច្ចសម្របសម្រួល​ជាមួយ​គំនិត​ផ្តួចផ្តើម​អនុតំបន់​លើ​ការអនុវត្ត​កិច្ចព្រមព្រៀង​ដឹកជញ្ជូន​នានា និង​ការផ្លាស់ប្តូរ​ព័ត៌មាន​ទៅវិញទៅមក​ទាក់ទង​នឹង​ប្រតិបត្តិ​ការដឹកជញ្ជូន​ទំនិញ​និង​អ្នកដំណើរ​តាមផ្លូវ​គោក​ក្រោម​កិច្ចព្រមព្រៀង​ឆ្លងកាត់​ព្រំដែន​ទ្វេភាគី ត្រីភាគី​ក្នុង​ក្របខណ្ឌ​អនុតំបន់ ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​បញ្ហាសំខាន់ៗ​ជាច្រើន​។​

​យោងតាម​របាយការណ៍​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន បានឱ្យដឹងថា​៖ ការដឹកជញ្ជូន​ឆ្លងកាត់​តាម​តំបន់​នីមួយៗ​ត្រូវបាន និង​កំពុង​សិក្សា​លម្អិត​បន្ថែមទៀត ដើម្បី​រិះរក​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​បន្ទាន់​ទាក់ទង​នឹង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​វិស័យ​ដឹកជញ្ជូន​នៅក្នុង​តំបន់​អាស៊ាន ជាពិសេស​សកម្មភាព​ទេសចរណ៍ និង​ពាណិជ្ជកម្ម​នានា​នៅក្នុង​តំបន់ និង​សកលលោក​។​

​គួរកត់សម្គាល់​ផងដែរ​ថា តាម​កម្មវិធី​ប្រធាន​ប្តូរ​វេន ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការរៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​សម្របសម្រួល​ការដឹកជញ្ជូន​អាស៊ាន​លើក​ទី​៤០ នៅក្នុង​ទឹកដី​ខេត្តសៀមរាប ប៉ុន្តែ​ដោយសារ​វិបត្តិ​នៃ​ការឆ្លង​រីក​រាលដាល​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​-១៩ កិច្ចប្រជុំ​នេះ​ត្រូវបាន​ប្តូរ​ទៅជា​ការរៀបចំ​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close