កូរ៉េខាងជើង​បាញ់​សាកល្បង​មី​ស៊ី​ល លើក​ទី​ពីរ ក្នុង​មួយ​សប្តាហ៍​

​កូរ៉េខាងជើង​បន្ត​បាញ់​សាកល្បង​មី​ស៊ី​ល ជា​លើក​ទី​ពីរ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ដែលជា​សកម្មភាព​ត្រូវបាន​គេ​ចាត់ទុកថា ដើម្បី​ធ្វើតេស្ត​ទៅលើ​រដ្ឋា​ភី​បាល​ថ្មី​របស់​អាមេរិក ក្រោម​ការដឹកនាំ​របស់ លោក​បៃ​ឌិន និង​លោកស្រី​ហារី​ស​។ ការបាញ់​សាកល្បង​លើក​នេះ​គឺ​ធ្លា​ក់នៅ​តំបន់​សមុទ្រ​ប្រទេស​ជប៉ុន​។​

​មន្ត្រី​កូរ៉េខាងត្បូង ជប៉ុន អាមេរិក បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី ២៥​ខែមីនា កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល ចូលទៅ​កាន់​ដែនសមុទ្រ​ស្ថិតនៅក្នុង​ដែន​អធិបតេយ្យ សេដ្ឋកិច្ច​របស់​ជប៉ុន ។​

​អគ្គ​មេ​បញ្ជ​ការ​កម្លាំង​ទាហាន​ចម្រុះ អាមេរិក​កូរ៉េខាងត្បូង​(JCS) នៅ​ថ្ងៃទី​២៥​ខែមីនា បាន​បញ្ជាក់ថា កូរ៉េខាងជើង​ពិតជា​បាញ់​មី​ស៊ី​ល​ទៅកាន់​សមុទ្រ​ជប៉ុន​។​

​មកទល់ពេលនេះ មិនទាន់​ដឹង​ប្រាកដ​ពី​ចំនួន និង​ប្រភេទ​មី​ស៊ី​ល ដែល​បាន​សាកល្បង​ឡើយ​។ ក្រសួង​ចារកិច្ច​កូរ៉េខាងត្បូង និង​អាមេរិក​កំពុងតែ​វិភាគ ទៅលើ​ទិន្នន័យ ពាក់ព័ន្ធ​ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។​

​ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រី​ជប៉ុន បាន​ថ្កោលទោស​យ៉ាងខ្លាំង​ដល់​ការសាកល្បង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង គឺជា​ការគំរាមកំហែង​ដល់​សន្តិសុខ ស្ថិរភាព​ក្នុង​តំបន់​។ នាយករដ្ឋមន្ត្រី​ជប៉ុន នឹង​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​បៃ​ឌិន ពេល​បំពេញ​ទស្សនកិច្ច នៅ​ខែមេសា​ឆ្នាំ​២០២១​នេះ​។​

​នេះ​ជាការ​ណី​បាញ់​សាកល្បង​មី​ស៊ី​ល​លើក​ទី​ពីរ​ហើយ ក្នុង​រយៈពេល​មួយ​សប្តាហ៍ ។ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​ម៉ូ​ន​ជេ​អ៊ី​ន បាន​កោះប្រជុំ​ជាបន្ទាន់ ក្រុមប្រឹក្សាសន្តិសុខ​ជាតិ ស្តីពី​សកម្មភាព​របស់​កូរ៉េខាងជើង ។ ជាមួយគ្នានេះដែរ អាមេរិក ជ៉​ប៉ុន និង​កូរ៉េខាងត្បូង​ជួបពិភាក្សា​គ្នា​ស្តីពី​សន្តិសុខ ក្នុង​តំបន់ ពាក់ព័ន្ធ​កូរ៉េខាងជើង​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close