ក្រសួងកសិកម្ម បញ្ចប់ការងារប្រមូលផលស្រូវរដូវប្រាំង ឆ្នាំ២០២១
ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ការងារបង្កបង្កើនផលស្រូវរដូវប្រាំង នៅទូទាំងប្រទេស សម្រេចធ្វើការស្ទូង និងព្រោះបានលើផ្ទៃដីចំនួន ៦៤៩ ៥៣៩ ហ.ត ស្មើនឹង ១៤២,៤៥% នៃផែនការ ៤៥៩ ២០០ ហ.ត លើសពីឆ្នាំមុន ៥២ ០៣១ហ.ត ។
រីឯការងារប្រមូលផលស្រូវរដូវប្រាំងឆ្នាំ២០២១នេះ សម្រេចបានចំនួន ៤៨៦ ៦៤៦ ហ.ត ស្នើនឹង ៧៤,៩២% នៃផ្ទៃដីអនុវត្តបានសរុបចំនួន ៦៤៩ ៥៣៩ ហ.ត ដោយទទួលបានបរិមាណផលសរុបចំនួន ២ ១៧៥ ១៩៧ តោន ក្នុងនេះទទួលបានទិន្នផលជាមធ្យមប្រមាណជា ៤,៤៧តោន/ ហ.ត។
ដោយឡែកចំពោះ៖
១) ដំណាំសាកវប្បកម្ម ដូចជាពោតស, ដំឡូងជ្វា, បន្លែគ្រប់មុខ, ម្ទេស, ឪឡឹក … អនុវត្តបានចំនួន ៣៨ ១៧០ ហ.ត ស្មើនឹង ១០២,៣០% នៃផែនការ ៣៧ ៣១២ ហ.ត លើសឆ្នាំមុន ៥៤៤ ហ.ត ។
២) ដំណាំឧស្សាហកម្ម ដូចជា ពោតក្រហម, ដំឡូងមី, សណ្តែកបាយ, សណ្តែកដី, សណ្តែកសៀង, ល្ង, អំពៅ, ក្រចៅ, ថ្នាំជក់ និងឈូក អនុវត្តបានចំនួន ៨៩ ៨៦៤ ហ.ត ស្មើនឹង ១០៥,៥៤% នៃផែនការ ៨៤ ៧៧០ ហ.ត លើសឆ្នាំមុន ១០ ១៩០ ហ.ត ។
ជារួម ការងារបង្កបង្កើនផលដំណាំស្រូវរដូវប្រាំងត្រូវបានបញ្ចប់ជាស្ថាពរ នៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះ ក្រសួងបានបន្តជំរុញដល់កសិករឲ្យត្រៀមលក្ខណៈការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សាដែលនឹងចូលមកដល់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ដូចជាការពង្រាបដីស្រែ ការភ្ជួររាស់ដី និងការត្រៀមពូជស្រូវជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។