អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ក្នុងខេត្តព្រះសីហនុ នឹងបញ្ចប់ការសាងសង់ នៅចុងខែមីនា ឆ្នាំ២០២១នេះ
ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ដែលមានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងត្រូវបញ្ចប់ការសាងសង់ជាស្ថាពរ នៅចុងខែមីនា ឆ្នាំ២០២១នេះ។
ដោយឡែកបរិក្ខារតេស្តវិភាគវីរុសកូវីដ-១៩ ជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន នឹងរៀបចំតម្លើង នៅក្នុងដើមខែមេសា ឆ្នាំ២០២១ និងដាក់ឱ្យដំណើរការជាផ្លូវការ នៅចុងខែមេសា ឆ្នាំ២០២១នេះហើយ។
ជាមួយគ្នានេះ ភាគីចិននឹងបញ្ជូនក្រុមអ្នកជំនាញមកកាន់ប្រទេសកម្ពុជាផងដែរ ដើម្បីជួយសម្រួលដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្នុងការតម្លើងបរិក្ខារតេស្តវិភាគវីរុសកូវីដ-១៩ និងបណ្ដុះបណ្ដាលជូនដល់បុគ្គលិក សុខាភិបាលដែលមានការពាក់ព័ន្ធ។
សូមជម្រាបបន្ថែមទៀតថា នៅពេលដែលដាក់ឱ្យដំណើរការមន្ទីរពិសោធន៍វិជ្ជសាស្ត្រនេះ នឹងផ្តល់ភាពងាយស្រួលដល់ខេត្តព្រះសីហនុ និងបណ្តាខេត្តមួយចំនួនដែលមានព្រំប្រទល់ជិតគ្នា ក្នុងការបង្កើនល្បឿនធ្វើសំណាកតេស្តរកជំងឺវីរុសកូវីដ-១៩ បាឆាប់រហ័ស ចំនេញពេលវេលា និងថវិកា ព្រមទាំងអាចចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កាន់តែមានប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។