រុស្ស៉ី ចាប់ផ្តើមផលិតវ៉ាក់សាំងទី៣ជាផ្លូវការ សម្រាប់បង្ការជំងឺកូវីដ១៩
រុស្ស៊ី៖ រដ្ឋមន្ត្រីវិទ្យាសាស្ត្រ និងការអប់រំជាន់ខ្ពស់រុស្ស៉ី លោក វ៉ាឡឺរី វ៉ាលកូវ បាននិយាយថា មជ្ឈមណ្ឌលស្រាវជ្រាវ ជូម៉ាកូវ បានចាប់ផ្តើមជាផ្លូវការហើយនូវ ដំណើរការផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 ទី០៣ ដែលមានឈ្មោះថា ខូវីវ៉ាក់ (CoviVac) ។
វ៉ាក់សាំង ខូវីវ៉ាក់ ត្រូវបានចុះបញ្ជីកាលពីខែកុម្ភៈកន្លងទៅ និងក្លាយជាវ៉ាក់សាំងកូវីដ-១៩ទី០៣របស់ប្រទេសរុស្ស៉ី បន្ទាប់ពីវ៉ាក់សាំង Sputnik V ដែលជាវ៉ាក់សាំងរុស្ស៉ីសម្រេចបានទីមួយ និងវ៉ាក់សាំង EpiVacCorona ដែលជាវ៉ាក់សាំងរុស្ស៉ីសម្រេចបានទីពីរ ។ បច្ចុប្បន្ន វ៉ាក់សាំង ខូវីវ៉ាក់ នេះ ត្រូវបានអ្នកជំនាញរុស្ស៉ីណែនាំឲ្យប្រើសម្រាប់អ្នកនៅក្រុមអាយុចាប់ពី១៨ឆ្នាំដល់៦០ឆ្នាំ ។
បើតាមលោក វ៉ាឡឺរី វ៉ាលកូវ រុស្ស៉ីគ្រោងនឹងផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 ឲ្យបានជិត៩០ដូសនៅត្រឹមខែមិថុនា ឆ្នាំ២០២១ ដោយក្នុងនោះរួមមាន៨៣លានដូសនៃវ៉ាក់សាំង Sputnik V និង៥.៤លានដូសនៃវ៉ាក់សាំង EpiVacCorona៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។