ថៃ អនុម័ត​ឲ្យ​ប្រើ​វ៉ាក់សាំង Johnson & Johnson របស់​អាមេរិក

​ថៃ​៖ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ថៃ​លោក អនុ​ធី​ន ឆាន​វីរៈ​គុល បាន​និយាយថា ប្រទេស​របស់លោក​បាន​អនុម័ត​អោយប្រើ​ប្រាស់​ជាបន្ទាន់​ដល់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Janssen ដែលជា​វ៉ាក់សាំង​បង្ការ​វីរុស​កូ​រ៉ូ​ណា​របស់ Johnson & Johnson ដែលជា​ប្រភេទ​វ៉ាក់សាំង​ចាក់​តែមួយ​ដូ​ស ហើយ​វា​ជា​វ៉ាក់សាំង​ទី​៣​ហើយ​ដែល​ថៃ​បាន​អនុញ្ញាតអោយ​ប្រើប្រាស់ ។​

​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ថៃ​រូបនេះ បាន​ថ្លែងប្រាប់​អ្នកយកព័ត៌មាន​ថា រដ្ឋបាល ចំណីអាហារ និង​ឱសថ​របស់​ថៃ (FDA) បានអនុម័ត​អោយប្រើ​វ៉ាក់សាំង​ខាងលើនេះ បន្ថែម​ពីលើ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន អា​ស្ត្រា​ហ្សេ​ណេ​កា និង​ស៊ី​ណូ​វ៉ា​ក់ បាយ​អូ​ធិ​ច ដែល​ត្រូវបាន​អនុញ្ញាតអោយ​ប្រើប្រាស់​រួចហើយ​នៅក្នុង​ប្រទេស​អាស៊ី​មួយ​នេះ ។
​បើតាម​ប្រធាន​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​របស់​ថៃ (FDA) លោក ផៃ​សាល ដុន​ឃុ​ម វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ចិន ស៊ី​ណូ​ហ្វា​ម (Sinopharm) និង​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង Sputnik V របស់​រុស្ស៊ី បាននិងកំពុង​រៀបចំ​បញ្ជូន​សំណើ ដើម្បី​សុំ​ការអនុម័ត ។

​លោក​បន្ថែមថា ក្រុមហ៊ុន​អាមេរិក ម៉ូ​ឌែ​ណា និយាយថា ខ្លួន​នឹងដាក់​ពាក្យស្នើសុំ​ការយល់ព្រម​ដែរ ខណៈ​ក្រុមហ៊ុន​ឥណ្ឌា បា​រ៉ាត់ បាយ​អូ​ធិ​ច ក៏​កំពុងដំណើរការ​បញ្ជូន​ឯកសារ​សម្រាប់​ការចុះបញ្ជី​វ៉ាក់សាំង​ផងដែរ ។ រហូតមកទល់​ពេលនេះ ថៃ​បាន​កត់ត្រា​ពី​ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩​ច្រើនជាង​២​ម៉ឺន​៨​ពាន់​ករណី និង​បាន​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​ខ្លួន​ប្រមាណ​១​សែន​ដូ​ស នៅក្នុង​ចំណោម​បុគ្គលិក​ពេទ្យ និង​ក្រុម​ជន​ងាយ​រងគ្រោះ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close