សម្ដេច​ក្រឡាហោម ណែនាំ​ឲ្យ​អភិបាល​រាជធានី ខេត្ត ផាកពិន័យ​លើ​បុគ្គល​ណា មិន​អនុវត្ត​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស់ និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២១ សម្ដេច​ក្រឡាហោម បាន​ជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាល​រាជធានី ខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី ខេត្ត ថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងសុខាភិបាល បានដាក់​ចេញប្រកាស​អន្តរក្រសួង ចុះ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១ ស្តីពី​ការពិន័យ​ជា​ប្រាក់​ចំពោះ​បុគ្គល ឬ​នីតិបុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ល្មើ​សនឹង​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវ​ដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​។​

​សម្ដេច​បន្តថា ទន្ទឹមនេះ ក្រសួងសុខាភិបាល​ក៏បាន​ដាក់ចេញ​ប្រកា​សលេខ​០៨១ ស​.​នក​.​ប្រក ចុះ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១ របស់​ក្រសួងសុខាភិបាល ស្តីពី​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត សុវត្ថិភាព​ក្នុងអំឡុងពេល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​។​

​ពាក់ព័ន្ធ​នឹង​ការងារ​នេះ ហើយ​ផ្អែក​តាម​សំណើ​របស់​ក្រសួងសុខាភិបាល និង​ដើម្បី​ចូលរួម​សហការ​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ឲ្យ​មាន​ប្រសិទ្ធភាព សម្ដេច​ក្នុងនាម​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​នាំ​ឯកឧត្តម លោកជំទាវ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី ខេត្ត ត្រូវ​ផ្តល់​ការគាំទ្រ និង​គោលការណ៍​ណែនាំ​ដល់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ត្រូវ​ចូល រួមសហការ​ឲ្យ​បាន​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​សុខាភិបាល​ក្នុងការ​អនុវត្ត​ការផាកពិន័យ​អន្តរការណ៍​លើ​បុគ្គល ឬ​នីតិបុគ្គល​ដែល​មិន​អនុវត្ត​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។​

​នៅក្នុង​ការចាត់ចែង​អនុវត្ត​ការងារ​ជាក់ស្តែង ប្រសិនបើ​មាន​ជួប​ការលំបាក ឬ​បញ្ហា​ប្រឈម​ណាមួយ សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី បាន​ណែនាំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​រាជធានី ខេត្ត ត្រូវរាយការណ៍ជូន​ក្រសួងសុខាភិបាល និង​ចម្លងជូន​ក្រសួងមហាផ្ទៃ ជាបន្ទាន់ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close