តើកូវីដ១៩ ដែលផ្ទុះដំបូងនៅវូហានប្រទេសចិន កើតមកពីណា?
ប្រទេសជាច្រើនជុំវិញពិភពលោក ពិសេសគឺប្រទេសលោកខាងលិច កំពុងតែរងចាំ អង្គការ WHO បញ្ចេញរបាយការណ៍ស្តីពីប្រភពកូវីដ១៩ នៅទីក្រុងវូហាន ដែននឹងប្រកាស ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។ នៅពេលនេះក៏មានការសង្ស័ហយជាច្រើនផងដែរ ក្នុងនោះមាន កូវីដ១៩ លេចចេញពីបន្ទប់ពិសោធរបស់ចិន ឬក៏ចម្លង់ពីសត្វ។
អង្គការសុខភាពពិភពលោក បានចំណាយពេល២៨ថ្ងៃ ស្រាវជ្រាវ នៅក្នុងទីក្រុងវូហាន ដែលជា ទីក្រុងផ្ទុះការឆ្លងកូវីដ ១៩ មុនគេបង្អស់នៅលើពិភពលោក។ ប្រទេសជាច្រើន នៅលោកខាងលិច ក្នុងនោះមានអាមេរិក សង្ស័យថាវីរុសនេះចេញពីបន្ទប់ពិសោធរបស់ចិន។
របាយការណ៍ពីក្រុមជំនាញអន្តរជាតិ របស់អង្គការសុខភាពពិភពលោក (WHO) ដែលបានធ្វើទស្សនកិច្ចដោយផ្ទាល់ ទៅកាន់ទីក្រុងវូហាន ប្រទេសចិន បានធ្វើការសន្មត់តែម្តងថា វីរុសកូវីដ១៩ ទំនងជាត្រូវបានចម្លងពីសត្វប្រចៀវទៅកាន់មនុស្ស តាមរយៈសត្វជាអន្តរការីមួយប្រភេទទៀត ដែលមិនទាន់ត្រូវបានកំណត់ឃើញ ឬបាត់ដាន (missing link) ប៉ុន្តែក្រុមជំនាញបានច្រានចោលទាំងស្រុង ចំពោះការលើកឡើងថា វីរុសកូរ៉ូណាត្រូវបានបែកធ្លាយចេញពីមន្ទីរពិសោធន៍។
របាយការណ៍ចុងក្រោយ ដែលក្រុមជំនាញ WHO បានចេញនៅពេលនេះ គឺត្រូវបានទន្ទឹងរង់ចាំដោយអន្តរជាតិ ជាយូរណាស់មកហើយ គិតចាប់តាំងពីក្រុមជំនាញនេះ បានចាកចេញពីទីក្រុងវូហាន កាលពីមួយខែមុនមកម្ល៉េះ។ យ៉ាងណាក៏ដោយ ការចេញរបាយការណ៍យឺតនេះ ត្រូវបានក្រុមជំនាញអន្តរជាតិ WHO អះអាងថា ដោយសារតែពួកគេត្រូវការពេលវេលា ដើម្បីរៀបចំលំដាប់លំដោយនៃសម្មតិកម្ម។
ក្រុមជំនាញខាងលើនេះជឿជាក់ក្នុងកម្រិតខ្ពស់ថា វីរុសកូរ៉ូណា (SARS-CoV-2) ដែលបង្កទៅជាវីរុសកូវីដ១៩ មានប្រភពដើមមកពីសត្វប្រចៀវ។ អ្វីដែលត្រូវបញ្ជាក់បន្ថែមទៀតនោះ គឺថាតើវីរុសនោះបានចម្លងមកកាន់មនុស្ស តាមរយៈសត្វប្រចៀវដោយផ្ទាល់ ឬតាមរយៈសត្វណាផ្សេងទៀត ដែលក្រុមការងារអន្តរជាតិនេះ មិនអាចកំណត់បាន។ បន្ថែមពីនេះ ក្រុមជំនាញក៏បានរកឃើញថា វីរុស SARS-CoV-2 បានវិវត្តន៍លើខ្លួនសត្វប្រចៀវ អស់រាប់ទសវត្សរ៍មកហើយ ប៉ុន្តែសម្រាប់ដំណើរនៃការកកើតពពួកវីរុសនេះ គឺទំនងជាបាត់ដានទៅហើយ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។