រដ្ឋបាលខេត្តកំពង់ចាម បន្ដរកឃើញករណីវិជ្ជមានកូវីដ១៩ លើស្ដ្រី ២នាក់ទៀត ក្នុងស្រុកស្ទឹងត្រង់
ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសពីលទ្ធផលវិជ្ជមានជំងឺកូវីដ១៩ លើស្ដ្រី ២នាក់បន្ថែមទៀត នៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់។
រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា លទ្ធផលវិជ្ជមានលើស្ដ្រីទាំង ២នាក់ គឺទី១.ឈ្មោះ ស្រ៉ី សុខលាង អាយុ៥៥ឆ្នាំ និងទី២.ឈ្មោះ ស៊ន ហេង អាយុ៧៥ឆ្នាំ, អ្នកទាំង២ បានប៉ះពាល់ជាមួយស្ដ្រីអាយុ៧៥ឆ្នាំ ឈ្មោះ អាង សុខា ដែលបានរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១កន្លងទៅ។
មន្ដ្រីសុខាភិបាល ក៏បានបន្ដរកឃើញមនុស្សចំនួន៤នាក់ផ្សេងទៀតផងដែរ ដែលបានប៉ះពាល់អ្នកទាំងពីរ។ ជាមួយគ្នានេះ រដ្ឋបាលខេត្ដ អំពាវនាវដល់សាធារណជន ប្រជាពលរដ្ឋរស់នៅភូមិអូររុន ឃុំខ្ពបតាងួន ឬភូមិដ៏ទៃទៀត ដែលនៅជាប់ឃុំខ្ពបតាងួន ដែលបានធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺទាំងពីរខាងលើ ក្នុងអំឡុងចាប់ពីថ្ងៃទី១៤ ខែមីនា រហូតដល់ថ្ងៃនេះ សូមរួសរាន់ទៅពិនិត្យសុខភាព ឬយកសំណាកនៅមន្ទីរពេទ្យបង្អែក ហ៊ុន ណេង ស្ទឹងត្រង់ ឬទីតាំងដែលមន្ដ្រីសុខាភិបាល បានរៀបចំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។