មនុស្ស​ស្លាប់ និង​របួស​ជាង​៨០ ក្នុង​ពិធី​បុណ្យសព​ប្រធានាធិបតី Tanzania

​មនុស្ស​ជាច្រើន​បាននាំគ្នា​ទៅ​ចូលរួម​ពិធីបុណ្យ ប្រធានាធិបតី Tanzania បង្ក​ឲ្យ​មានការ​ប្រជ្រៀត​ជាន់​លើ​គ្នា​រហូតដល់​ស្លាប់ និង​របួស​រាប់សិប​នាក់​។ តាម​របាយការណ៍​ពី​កម្លាំង​សន្តិសុខ​យ៉ាងហោចណាស់​ក៏មាន​មនុស្ស ៤៥​នាក់​ស្លាប់ ក្នុង​ហេតុ​ការ​ប្រជ្រៀត​ជាន់​លើ​គ្នា ក្នុង​ពិធី​បុណ្យសព​នៅ​ពហុ​កីឡដ្ឋាន ក្នុង​ទីក្រុង Dar es Salaam​ប្រទេស Tanzania ក្នុងពេល​ពលរដ្ឋ​ជាច្រើន​ចូលទៅ​គោរព​វិញាណក្ខន្ធ​អតីត​ប្រធានាធិបតី John Magufuli ។​

​សារព័ត៌មាន​ក្នុង​តំបន់ បាន​ផ្សាយ​នៅ​ថ្ងៃទី ៣០ ខែមីនា​ថា​មាន​មនុស្ស​ជាច្រើន ទៅកាន់​ពហុ​កីឡដ្ឋាន Uhuru ដើម្បី​គោរព​វិញ្ញ​ណ​ក្ខ​ន្ធ អតីត​ប្រធានាធិបតី​និង​បង្ហាញ​ពី​ការគោរព​ស្រឡាញ់​ពី​ពលរដ្ឋ ។ ដោយសារ​តែមាន​មនុស្ស​ទៅ​ចូលរួម​ច្រើន ធ្វើ​ឲ្យ​បុគ្គល​មួយចំនួន ខ្វះ​ការអត់ធ្មត់ ព្យាយាម​ចូលទៅ​កាន់ ពហុ​កីឡដ្ឋាន​តាមផ្លូវ​ផ្សេង មិន​ចូល​តាម​ទ្វារធំ​ទើប​បង្ក​ឲ្យ​មានរឿង​អាក្រក់​កើតឡើង​។​

​ក្រៅពី​អ្នក​សា្ល​ប់​៤៥​នាក់ នៅមាន​អ្នករងរបួស ៣៧​នាក​ផ្សេងទៀត ក្នុង​ហេតុ​ការ​ប្រជ្រៀត​ជាន់គ្នា​ខាងលើ​។ តាម​ប្រភពព័ត៌មាន​ពី​រដ្ឋាភិបាល Tanzania ប្រធានាធិបតី​ដែល​បាន​ស្លាប់ គឺ​ដោយសារ​ជំងឺ​បេះ​ដូច នៅ​ថ្ងៃទី​១៧​ខែមីនា ក្នុង​វ័យ ៦១​ឆ្នាំ នៅ​មន្ទីរពេទ្យ Dar es Salaam​។ ចំ​ណែ​ក្រុមប្រឆាំង​ប្រទេស​នេះ​បាន​លើកឡើងថា​ការស្លាប់​របស់​ប្រធានាធិបតី គឺ​ឆ្លង​ជំងឺ​កូ​វីដ ១៩ ។​

​ប្រទេស Tanzania បានសម្រេច កាន់ទុក្ខ​១៤​ថ្ងៃ ដោយ​បង្ហូតទង់ជាតិ​ត្រឹម​ពាក់កណ្តាល​ប៉ុណ្ណោះ​។ សព​របស់លោក ត្រូវបាន​បញ្ជូន​ទៅកាន់ ទីក្រុង​ជាច្រើន នៅ​ទូទាំងប្រទេស ដើម្បី​ឲ្យ​ពលរដ្ឋ ចូល​គោរពបូជា ។​

​អនុ​ប្រធានាធិបតី លោកស្រី Samia Suluhu Hassan ត្រូវបាន​ជ្រើស​ដើម្បី​ដឹកនាំ​ប្រទេស​ជំនួស​អតីត​ប្រធានាធិបតី​ដែល​បាន​ស្លាប់ ។ តាមច្បាប់រ​ធម្មនុញ្ញ​នៅក្នុង​ប្រទេស​នេះ លោកស្រី Hassan នឹង​បន្ត​ដឹកនាំ​ប្រទេស​រហូតដល់​បញ្ចប់​អាណត្តិ​៥​ឆ្នាំ គឺ​ដល់​ឆ្នាំ​២០២៥៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close