មនុស្សស្លាប់ កើនដល់ ៥២០នាក់ហើយ ក្នុងការបង្ក្រាបដ៏បង្ហូរឈាមរបស់យោធាមីយ៉ាន់ម៉ា
មីយ៉ាន់ម៉ា៖ ការស្លាប់របស់ជនស៊ីវិលក្នុងការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ាទៅលើក្រុមបាតុករនោះ បានកើនឡើងដល់៥២១០នាក់ហើយ ខណៈដែលក្រុមឧទ្ទាមប្រដាប់ដោយអាវុធភាគតិចនៅថ្ងៃអង្គារនេះ បានគំរាមវាយប្រហាររដ្ឋាភិបាលយោធា ប្រសិនបើមិនបញ្ឈប់សកម្មភាពដ៏សាហាវនេះ ។
សមាគមជំនួយអ្នកទោសនយោបាយ (AAPP) បាននិយាយថា សរុបជនស៊ីវិលដែលត្រូវបានសម្លាប់គិតត្រឹមយប់ថ្ងៃអង្គារម្សិលមិញ មានចំនួន៥២១នាក់ ប៉ុន្តែចំនួននេះនឹងបន្តកើនឡើងទៀត ដោយសារនៅមានអ្នករបួសធ្ងន់ជាច្រើន ។
ជាមួយគ្នានេះពលរដ្ឋមីយ៉ាន់ម៉ារាប់ពាន់បានភៀសខ្លួនទៅប្រទេសថៃ និងកំពុងលាក់ខ្លួននៅក្នុងព្រៃពីការវាយប្រហារតាមផ្លូវអាកាសរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា។ ជុំវិញបញ្ហានេះដែរ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានបដិសេធថា កម្លាំងសន្តិសុខប្រទេសរបស់លោក បានបញ្ជូនជនភៀសខ្លួនទៅប្រទេសមីយ៉ាន់ម៉ាវិញ ដែលបានឆ្លងដែនចូលប្រទេសថៃពីការវាយប្រហារតាមផ្លូវអាកាសរបស់យោធាមីយ៉ាន់ម៉ា ។
លោក ប្រាយុទ្ធ បន្ថែមថា រដ្ឋាភិបាលរបស់លោកបានត្រៀមជំរំរួចរាល់ហើយ សម្រាប់ដាក់ជនភៀសខ្លួនមកពីប្រទេសមីយ៉ាន់ម៉ា ហើយបើតាមអាជ្ញាធរថៃនោះ ជនភៀសខ្លួនមីយ៉ាន់ម៉ាប្រមាណ៣ពាន់នាក់បានឆ្លងដែនចូលទឹកដីថៃកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ។ ដោយឡែកសារព័ត៌មានមីយ៉ាន់ម៉ា អ៊ីរ៉ាវ៉ាឌី បានផ្សាយថា ជនជាតិភាគតិចខារិនជាង១ម៉ឺននាក់បានរត់ចោលផ្ទះសម្បែងរបស់ខ្លួនពីការវាយប្រហារតាមផ្លូវអាកាសរបស់យោធានៅស្រុក ផាពុន ក្នុងរដ្ឋខារិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។