រាជរដ្ឋាភិបាល សម្រេច​បង្កើត​ក្រុង​បូកគោ ជាទី​ក្រុង​របស់​ខេត្តកំពត ថ្មី​មួយទៀត​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​អនុក្រឹត្យ ស្ដីពី​ការបង្កើត​ក្រុង​បូកគោ នៃ​ខេត្តកំពត ដោយ​កាត់​យក​ឃុំ​ចំនួន​៣ ពី​ស្រុក​ទឹកឈូ គឺ​ឃុំ​បឹង​ទូក ឃុំ​កោះ​តូច និង​ឃុំ​ព្រែក​ត្នោត​។​

​អនុក្រឹត្យ​របស់​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា ត្រូវបាន​បង្កើត ក្រុង​បូកគោ នៃ​ខេត្តកំពត ដោយ​កាត់​យក​ឃុំ​ចំនួន​០៣ ពី​ស្រុក​ទឹកឈូ​គឺ ឃុំ​បឹង​ទូក ឃុំ​កោះ​តូច និង​ឃុំ​ព្រែក​ត្នោត​។ ព្រំប្រទល់​រដ្ឋបាល ក្រុង​បូកគោ ត្រូវបាន​កំណត់​ដូច​មាន ក្នុង​ផែនទី​ជា​ឧបសម្ព័ន្ធ​នៃ​អនុក្រឹត្យ​នេះ​។​

​ក្រុង​បូកគោ​នេះ មាន​សង្កាត់​ចំនួន​០៣ គឺ​សង្កាត់​បឹង​ទូក សង្កាត់​កោះ​តូច និង​សង្កាត់​ព្រែក​ត្នោត​។ ទីតាំង​រដ្ឋបាល ក្រុង​បូកគោ ត្រូវ​ស្ថិតនៅក្នុង​សង្កាត់​បឹង​ទូក​។​
​ការរៀបចំ​រចនាសម្ព័ន្ធ និង​ប្រព័ន្ធគ្រប់គ្រង​រដ្ឋបាល​ក្រុង​បូកគោ ត្រូវ​អនុលោម​តាមច្បាប់​ស្តីពី​ការ គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​។​

​ដោយឡែក​ការកំណត់​ចំនួន សមាជិក​ក្រុមប្រឹក្សា​ក្រុង​បូកគោ និង​ក្រុមប្រឹក្សា​ស្រុក​ទឹកឈូ ត្រូវ​អនុលោម​តាម មាត្រា​១៨​ថ្មី នៃ​ច្បាប់​ស្តីពី ការ​គ្រប់​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​មាត្រា​៣​ថ្មី នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close