បាតុករ​ថៃ​រង​ការចោទប្រកាន់​ពីបទ គំរាមកំហែង​ដល់​ព្រះ​អគ្គមហេសី​

​នៅ​ថ្ងៃទី ៣១​ខែមីនា បាតុករ​ថៃ ៥​រូប រង​ការចោទប្រកាន់​ពីបទ​ព្យាយាម​វាយប្រហារ ព្រះ​អគ្គ​មេ​ហេ​សី​ក្រោយពេល​ប៉ះទង្គិច​គ្នា​ជាមួយ​ក្បួន​ព្រះទីនាំង ក្នុងពេល​ធ្វើបាតុកម្ម នៅ​ឆ្នាំ​២០២០​។​

​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​៣១ ខែមីនា ឆ្នាំ​២០២១ បាន​ផ្សាយ​ថា សកម្មជន​ថៃ​ចំនួន ០៥​នាក់ ត្រូវបាន​ចោទប្រកាន់​ពីបទ​ប៉ុនប៉ង​បង្ក​អំពើហិង្សា​លើ អគ្គមហេសី​នៃ​ព្រះមហាក្សត្រ​ថៃ កំឡុង​ការធ្វើ​បាតុកម្ម​មួយ​កាលពី​ឆ្នាំមុន នៅពេលដែល​ក្បួន​ព្រះទីនាំង​របស់​ទ្រង់ បានធ្វើ​ដំណើរ​ឆ្លងកាត់​ក្បួន​បាតុករ​។​

​មេធាវី​របស់​ក្រុម​សកម្មជន​ខាងលើ​បាន​ឲ្យ​ដឹងថា ព្រះរាជអាជ្ញា​ថៃ​បាន​ចោទប្រកាន់​ជា​ផ្លូវការ ចំពោះ​អ្នក​ទាំង ០៥​នាក់ នៅក្រោម​ច្បាប់​មួយ​ដែល​អាច​ឲ្យ​ពួកគេ ជាប់ពន្ធនាគារ​តិច​បំផុត ១៦​ឆ្នាំ សម្រាប់​ការបង្ក​ហិង្សា ឬ​ព្យាយាម​បង្ក​ហិង្សា លើ​ព្រះ​អគ្គមហេសី និង​ព្រះ​រាជទាយាទ​នៃ​ប្រទេស​ថៃ​។ ឆ្លើយតប​ចំពោះ​ការចោទប្រកាន់ ក្រុម​សកម្មជន​បាន​បន្ត​អះអាងថា ពួកគេ​ពុំមាន​បំណង ឬ​ប៉ុនប៉ង​ធ្វើ​យ៉ាង​ដូច្នោះ​ឡើយ​។​

​គួរ​បញ្ជាក់ថា ការបង្ក​បទល្មើស​ធ្ងន់ធ្ងរ​ខ្លាំង ចំពោះ​ច្បាប់​ខាងលើនេះ អាចធ្វើ​ឲ្យ​ជន​ត្រូវ​ចោទ ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​អស់​មួយជីវិត ឬ​ឈានដល់​ប្រហារជីវិត​បាន ប្រសិនបើ​សកម្មភាព​នេះ បង្ក​ការគំរាមកំហែង​ដល់​អាយុជីវិត​របស់​ព្រះ​អគ្គមហេសី ព្រះរាជ​ទាយាទ ឬ​ព្រះរាជានុសិទ្ធ​។ សំណុំ​រឿងនេះ​គឺពាក់ព័ន្ធ​ទៅនឹង​ហេតុការណ៍​មួយ កំឡុង​ភាព​តានតឹង​ខ្លាំង នៃ​ចលនា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ដែល​នៅពេលនោះ​ក្បួន​ព្រះទីនាំង​របស់​អគ្គមហេសី សុធី​តា (Suthida) បាន​ដង្ហែរ​ឆ្លងកាត់​ក្រុមបាតុករ​មួយ កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close