ផ្អាក​​ចរាចរសកម្មភាព​អាជីវកម្ម​ពេលយប់ ចាប់ពី​ម៉ោង​៨​យប់ ដល់​ម៉ោង​៥​ភ្លឺ រយៈពេល​២​សប្តាហ៍ ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីសម្រេច​មួយ ដោយ​ផ្អាក​ការ​ចរាចរ រួមទាំង​សកម្មភាព​អាជីវកម្ម ការប្រមូលផ្តុំ​នានា នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ នាពេល​យប់ ចាប់ពី​ម៉ោង​៨​យប់ ដល់​ម៉ោង​៥​ភ្លឺ រយៈពេល​២​សប្តាហ៍ ។

​តាម​ប្រការ​១ នៃ​សេចក្តីសម្រេច​នេះ បានឱ្យដឹងថា «​ត្រូវបាន​ដាក់ចេញ​នូវ​វិធានការ​រដ្ឋបាល​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដែលមាន​ថិរវេលា​អនុវត្ត​រយៈពេល​២​សប្តាហ៍ គិត​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១»​។​

​ដោយឡែក ប្រការ​២ បាន​បញ្ជាក់ថា ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​សកម្មភាព​អាជីវកម្ម​ចំពោះ​តូប​អាហារ អាហារ​ដ្ឋ ភោជនីយដ្ឋាន ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​ភោជនីយដ្ឋាន​នៅតាម​សណ្ឋាគារ ដែល​ទទួល​អតិថិជន​ចូលមក​ទទួលទាន​អាហារ​ភេសជ្ជៈ ឬ​ទទួលទាន​គ្រឿង​ស្រវឹង​នៅ​ចន្លោះ​ម៉ោង​៨៖០០​យប់ ដល់​ម៉ោង​៥៖០០​ទៀបភ្លឺ ប៉ុន្តែ​ទីតាំង​អាជីវកម្ម​ទាំងអស់​អាច​លក់​ជា​លក្ខណៈ​វេជ្ជ​ខ្ចប់​បាន​។​

​ទន្ទឹមនឹងនេះ នៅក្នុង​ប្រការ​៣ នៃ​សេចក្តីសម្រេច បានបញ្ជាក់​បន្ថែមថា ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការប្រមូលផ្តុំ ការជួប​ជុំគ្នា​ទទួលទាន​អាហារ ភេសជ្ជៈ ឬ​ទទួលទាន​គ្រឿង​ស្រវឹង ចន្លោះ​ម៉ោង​៨៖០០​យប់ ដល់​ម៉ោង​៥៖០០​ទៀបភ្លឺ លើកលែងតែ​ចំពោះ​ករណី​ដូចខាងក្រោម​៖
– ការជួបជុំ​ក្នុងចំណោម​សមាជិកគ្រួសារ​នៅក្នុង​លំនៅដ្ឋាន ឬ​ទី​សំណាក់​ជាមួយគ្នា​
– ការរៀបចំ​ពិធី​បុណ្យសប ដោយ​គោរព​តាម​ការកំណត់​របស់​អា​ជ្ញា​ធរមាន​សមត្ថកិច្ច​
– ការជួបជុំ​របស់​បុគ្គ​លិ​ក​សិក្ខា​ភិ​បាល ដើម្បី​យក​សំណាក​បុគ្គល​ដែ​៊​លពាក់​ព័ន្ធ​ដោយ​ផ្ទល់ ឬ​ដោយ​ប្រយោល​ជាមួយ​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​១៩ ឬ​ដើម្បី​យក​អ្នក​ដែល​ផ្ទុក​ជំងឺ​កូ​វីដ​១៩ ក៏ដូចជា​បុគ្គលិក​សុខាភិបាល​ដែល​បំពេញការងារ​សង្គ្រោះបន្ទាន់​ផ្សេងៗ​ទៀត​។​
– ការជួបជុំ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​គ្រប់លំដាប់​ថ្នាក់ ក្នុងការ​បំពេញការងា​រ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​។​
– ការជួបជុំ​មនុស្ស​ដែលមាន​ភាពចាំបាច់ សម្រាប់​បម្រើ​ផលប្រយោជន៍​សាធារណៈ ឬ​ក្នុង​គោលបំណង​ផ្សេងទៀត​តាម​ការកំណត់​របស់​អា​ជ្ញា​ធរមាន​សមត្ថកិច្ច​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close