បារាំង បិទ​សាលារៀន​ទូទាំងប្រទេស រយៈ​ពេល៣​សប្តាហ៍ ​ទប់ស្កាត់​រលក​ទី​៣ នៃ​ជំងឺ​កូ​វីដ​១៩

បារាំង​៖ ប្រធានាធិបតី​បារាំង​លោក អែម​ម៉ា​នុយ​អែល ម៉ា​ក្រុង នៅ​ថ្ងៃ​ពុធ​នេះ បានចេញ​បទបញ្ជា​អោយមាន​ការបិទ​សាលារៀន​ទូទាំងប្រទេស​រយៈពេល​៣​សប្តាហ៍ ចំពេល​ដែល​ការរីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៃ​វីរុស​កូ​រ៉ូ​ណា​រលក​ទី​៣ បាន​បង្កើន​សម្ពាធ​ទៅលើ​មន្ទីរពេទ្យ​។​

​នៅក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ទៅកាន់​ប្រទេសជាតិ លោក ម៉ា​ក្រុង បាន​គូសបញ្ជាក់ថា យើង​នឹង​មិនអាច​គ្រប់គ្រង​ឡើយ ប្រសិនបើ​យើង​មិន​ធ្វើ​សកម្មភាព​ឥឡូវ​ទេនោះ លោក​ថា កិច្ចខិតខំ​ប្រឹងប្រែង​នេះ​គឺមាន​ភាពចាំបាច់ ខណៈ​ការរីក​រាលដាល​នៃ​វីរុស​កំពុង​កើនឡើង​។ ស្ថិតក្រោម​ការ​រឹតត្បិត​ខាងលើនេះ​មនុស្ស​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចេញទៅ​ក្រៅ​សម្រាប់​ការ​លំហែ ប៉ុន្តែ​នៅ​ចម្ងាយ​១០​គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​ពួកគេ និង​មិនត្រូវ​ជួបជុំគ្នា​ទេ​។ ហាង​មិនចាំបាច់​ភាគច្រើន​ក៏ត្រូវ​បិទ​ដែរ​។​

​គួរបញ្ជាក់​ផងដែរ​ថា ចំនួន​អ្នកជំងឺ​កូ​វីដ​១៩​ស្ថិតក្នុង​បន្ទប់សង្គ្រោះបន្ទាន់​នៅ​បារាំង បាន​កើនឡើង​លើស​៥​ពាន់​នាក់​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ ជាការ​កើនឡើង​ខ្ពស់បំផុត​លើកដំបូង​ក្នុង​រយៈពេល​១១​ខែ ដែល​តួលេខ​មាន​កម្រិត​ខ្ពស់​បែបនេះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close