អាយៃឆ្លើយឆ្លងក្រោមប្រយោគបណ្តាញសង្គម ពីសមាគមវៀតណាម នៅមិនទាន់រកឃើញការពិត
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក មានការផ្សព្វផ្សាយពីសមាគមវៀតណាម អំពាវនាវឲ្យពលរដ្ឋវៀតណាមចូលរួមបោះឆ្នោតនៅកម្ពុជា ប្រជាពលរដ្ឋភ្ញាក់ផ្អើលជាមួយរឿងមួយនេះយ៉ាងខ្លាំង និងថែមទាំងបានដាក់បន្ទុកទៅលើគណបក្សកាន់អំណាច ថាមិនអាចគ្រប់គ្រង ព្រមទាំងជារឿងដ៏គគ្លើនថែមទៀត។
ជុំវិញករណីនេះ មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃនៅថ្ងៃទី១៨កក្កដានេះ បានដាក់ការសង្ស័យជំហានបឋមថា អ្នកគាំទ្រអតីតបក្សប្រឆាំងទំនងជានៅពីក្រោយការប្រតិស្ឋព័ត៌មានដែលថា សមាគមវៀតណាម អំពាវនាវឲ្យពលរដ្ឋវៀតណាម ចូលរួមបោះឆ្នោតនៅកម្ពុជា។ ជុំវិញការសន្និដ្ឋាននេះ មន្ត្រីជាន់ខ្ពស់នៃអតីតបក្សសង្គ្រោះជាតិបានអះអាងថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏អ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិគ្មានផ្លូវនយោបាយទុច្ចរិតបែបនេះដែរ។នេះបើតាមការបញ្ជាក់ពីលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី១៨ខែកក្កដានេះ ។
លោកបានបន្ថែមថា អាជ្ញាធរកំពុងបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ក្រោយសមត្ថកិច្ចដាក់ការសង្ស័យជំហានបឋមថា អ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិ ឬក៏អ្នកគាំទ្រចលនាសង្គ្រោះជាតិ ជាអ្នកនៅពីក្រោយការប្រឌិតព័ត៌មានដែលថា សមាគមវៀតណាម អំពាវនាវឲ្យពលរដ្ឋវៀតណាម ចូលរួមបោះឆ្នោតនៅកម្ពុជា។
អ្នកនាំពាក្យក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា ការណ៍ដែលអាជ្ញាធរហ៊ានសន្និដ្ឋានដូច្នេះគឺដោយសារតែអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុកភាគច្រើនដែលជាអ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិ បានធ្វើការចែករំលែកព័ត៌មាននេះតាមគ្នា។ ហើយប្រសិនបើអាជ្ញាធររកឃើញអ្នកប្រឌិតព័ត៌មាននៅក្នុងប្រទេស ពួកគេច្បាស់ជាគេចមិនផុតពីសំណាញ់ច្បាប់ឡើយ។ យ៉ាងណាក៏ដោយ ប្រសិនបើពួកគេមានសញ្ជាតិពីរ គឺអាជ្ញាធរនឹងដោះស្រាយតាមផ្លូវច្បាប់បែបផ្សេង។ នេះបើតាមលោក ខៀវ សុភ័គ។ សម្រាប់អ្នកនាំពាក្យក្រសួងមហាផ្ទៃ ព័ត៌មាននេះគឺជារូបភាពញុះញង់រាំងខ្ទប់ដំណើរការបោះឆ្នោត និងរើសអើងជាតិសាសន៍។
ចំណែកឯអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បញ្ជាក់ថា«នេះគឺ ល្បិចកលប្រកបដោយការត្រដរខ្យល់មុននឹងស្លាប់ ។ ជាការញុះញង់ និ ងរើសអើងជាតិសាសន៌ដែលពួកនេះតែងតែអនុវត្តតាំងពីដើមរៀងមក ។ ជាការមួលបង្កាច់សភាពការណ៍ ដើម្បីដុតកំហឹងជាតិសាសន៍ ។ ជាក្បួនភូតច្រើនចាញ់អាត្មា ។ ជាល្បិចកលទាល់ច្រក និងនៅលើក» ។ ជាមួយគ្នានោះដែរលោកសុខ ឥសាន អះអាងថា ប្រជាជនកម្ពុជា គ្រាន់តែឃើញល្បិចកលនេះស្គាល់ដល់មុខ និងឈ្មោះក្រុមជនអគតិទាំងនោះយ៉ាងច្បាស់ គឺគ្មាននរណាក្រៅពីពួកឧទ្ទាមប្រឆាំងឡើយ ។
ចំណែក លោក អ៊ុក គឹមហ៊ាន មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាដែរក៏បានលើកឡើងតាមប្រព័ន្ធតេឡេក្រាមយ៉ាងដូច្នេះថា«ការប្រឌិតព័ត៌មានថា សមាគមវៀតណាមអំពាវនាវឲ្យប្រជាជនវៀតណាមនៅកម្ពុជាទៅបោះឆ្នោតនោះ គឺវាមិនអាចទៅរួចទេ ព្រោះថា ដើម្បីបោះឆ្នោតបានលុះត្រាតែគាត់មានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៧ និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ។ នេះជាល្បិចបោកប្រាស់របស់ពួកក្រុមប្រឆាំងខុសច្បាប់ ដើម្បីបំពុលបរិយាកាសនយោបាយនៅពេលជិតបោះឆ្នោត» ។ ទាក់ទិននឹងការអំពាវនាវនេះដែរ ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជាលោក ស៊ឹម ជី ត្រូវបានសារព័ត៌មានក្នុងស្រុកមួយស្រង់សម្តីដោយបានប្រកាសទាត់ចោលទាំងស្រុងនូវការប្រឌិតរបស់បណ្តាញព័ត៌មានក្រុមប្រឆាំងដែលបានផ្សព្វផ្សាយថា សមាគមវៀតណាមបានអំពាវនាវឱ្យប្រជាពលរដ្ឋវៀតណាមទៅចូលរួមបោះឆ្នោតនៅកម្ពុជា ។ប្រធានសមាគមខ្មែរ-វៀតណាមបានចាត់ទុកថា ការប្រឌិតព័ត៌មានបែបនេះគឺជាកា រញុះញង់ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះសមាគមរបស់លោកនៅក្នុងប្រទេសកម្ពុជា ហើយករណីនេះខាងសមាគមរបស់លោកបានធ្វើពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃជាច្រើនដងរួចហើយដែរ ។
ទោះយ៉ាងណាក៏ដោយ លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិបានអះអាងថា ប្រាប់វិទ្យុអន្តរជាតិនេះដដែលថា អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិបច្ចុប្បន្ន គ្មានផ្លូវធ្វើនយោបាយទុច្ចរិត កេងបន្លំ ដូចការសន្និដ្ឋានរបស់អាជ្ញាធរឡើយ។ សម្រាប់ លោកអ៊ូ ច័ន្ទរ័តុ្ន ផ្ទាល់ លោកបញ្ជាក់ថា លោកមានការភ្ញាក់ផ្អើលដែរពេលឃើញការអំពាវនាវរបស់សមាគមវៀតណាម ឲ្យពលរដ្ឋវៀតណាមចូលរួមបោះឆ្នោតនៅកម្ពុជា។ បើទោះជាព័ត៌មាននេះមិនមែនជាការពិតក៏ដោយ លោក អ៊ូ ច័ន្ទរ័ត្នបានចោទសួរទៅកាន់អាជ្ញាធរថា តើការអនុវត្តច្បាប់សញ្ជាតិនៅកម្ពុជា ពិតជាដូចទៅនឹងការចុះផ្សាយនេះដែរទេ?
គួររម្លឹកថា សារដែលសមាគមវៀតណាមនៅកម្ពុជាអះអាងថា ជាព័ត៌មានប្រឌិតនោះបានជម្រុញពលរដ្ឋឲ្យទៅបោះឆ្នោតដោយមានភ្ជាប់លក្ខខណ្ឌចូលសញ្ជាតិ។ តាមរយៈសារអមដោយរូបភាពឃោសនាបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជានៅលើផ្ទៃទឹកនេះ ប្រធានសមាគមខ្មែរ វៀតណាម បានចាត់ទុកថា ការប្រឌិតព័ត៌មានបែបនេះ គឺជាការញុះញង់ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះសមាគមវៀតណាមនៅក្នុងប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។