កម្ពុជា នឹង​ទទួលបាន​ភ្ញៀវ​ក្នុងស្រុក ១១​លាន​នាក់ នៅ​ឆ្នាំ​២០២៣ និង​ភ្ញៀវ​អន្តរជាតិ ៧​លាន​នាក់ នៅ​ឆ្នាំ​២០២៥

​ភ្នំពេញ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបង្ហាញ​ការរំពឹងទុក​ថា តាមរយៈ​ការដាក់ចេញ «​ផែនទី​ចង្អុល​ផ្លូវ (Roadmap) ស្តីពី ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩» ដែល​សម្ដេច​បានអនុម័ត​រួចហើយនោះ វិស័យ​ទេសចរណ៍​កម្ពុជា នឹង​ងើប​ឡើងវិញ ជាមួយនឹង​ការទទួលបាន​ភ្ញៀវទេសចរ​ក្នុងស្រុក​ប្រមាណ ១១ លាន​នាក់ នៅ​ឆ្នាំ​២០២៣ និង​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ៧ លាន​នាក់ នៅ​ឆ្នាំ​២០២៥​។​

​គួរ​ជម្រាប​ថា នា​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២១ ថ្មីៗ​កន្លងទៅនេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានអនុម័ត​រួចរាល់​លើ​ផែនទី​ចង្អុល​ផ្លូវ (Roadmap) ស្តីពី ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។ ជាមួយនឹង​ការអនុម័ត​លើ​ផែនទី​ចង្អុល​ផ្លូវ​ដ៏​សំខាន់​មួយ​នេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​បានចេញ​បង្ហាញ​នូវ​លិខិត​អារម្ភកថា​ដ៏​ពិសេស​មួយទៀត ជុំវិញ​ការគាំទ្រ​ផែនទី​ចង្អុល​ផ្លូវ (Roadmap) នេះ​។​

​នៅក្នុង​លិខិត​អារម្ភកថា​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ផែនទី​ចង្អុល​ផ្លូវ​នេះ បានបង្ហាញ​នូវ​ចក្ខុវិស័យ​ច្បាស់លាស់​សម្រាប់​ការស្ដារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្រោយ​ជំងឺ​កូ​វីដ​-១៩ ដោយបាន​បង្ហាញថា កម្ពុជា​អាចនឹងទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ៧ លាន​នាក់ យ៉ាងយូរ​នៅ​ឆ្នាំ​២០២៥ និង​ភ្ញៀវទេសចរ​ក្នុងស្រុក​ប្រមាណ ១១ លាន​នាក់ នៅ​ឆ្នាំ​២០២៣ ឡើងវិញ​»​។​

​ក្នុងន័យនេះ វិស័យ​ទេសចរណ៍​កម្ពុជា​ត្រៀម​នឹង​ងើប​ឡើងវិញ​អាច​ក្រោម​ទម្រង់​ជា​អក្សរ U សម្រាប់​ទេសចរណ៍​អន្តរជាតិ និង​ទម្រង់​អក្សរ V សម្រាប់​ទេសចរណ៍​ក្នុងស្រុក​។​ ​ក្នុង​សារលិខិត​ដដែល​នេះ​បានបញ្ជាក់​ទៀតថា ជំងឺ​កូ​វីដ​-១៩ បាន​បង្កឱ្យមាន​វិបត្តិ​ដែល​មិន​ធ្លាប់​កើតមានឡើង និង​បានផ្តល់​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​សម្រាប់​កម្ពុជា តំបន់ និង​សកលលោក​។ ​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​នាំឱ្យ​ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​ធ្លាក់ចុះ ៨០.២% និង​ភ្ញៀវទេសចរ​ក្នុងស្រុក​ធ្លាក់ចុះ​ក្នុង​រង្វង់​ប្រមាណ ២០% ជាមួយនឹង​ការខាតបង់​ប្រាក់ចំណូល​ប្រមាណ ៣ ពាន់​លាន​ដុល្លារ​អាម៉េរិក នៅ​ឆ្នាំ​២០២០​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close