សមត្ថកិច្ច រក​ឃើ​ញេជម្ងឺប៉េស្តអា​ហ្វ្រិ​ច ក្នុង​សត្វ​ជ្រូក​ជំទើរ ៣៨​ក្បាល នាំចូល​ពី​ប្រទេស​ថៃ

​បន្ទាយមានជ័យ​៖ មន្ត្រី​ជំនាញ​ថា​សត្វ​ជ្រូក​រស់​ដែល​ទើប​ចាប់បាន​១​លើក​ទៀត​នៅ ខេត្តបន្ទាយមានជ័យ ក្រោយពេល​ធ្វើតេស្ត​ឈាម​លទ្ធផល​គឺ វិជ្ជមាន​ជម្ងឺប៉េស្ត​ជ្រូក​អា​ហ្វ្រិ​ច​។ នេះ​បើ​យោង​លទ្ធផល​មន្ទីរពិសោធន៍​វីរុស​សាស្ត្រ នៃ​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ របស់​អគ្គនាយកដ្ឋាន​ផលិតកម្ម​សត្វ​និង​សុខភាព​ព​សត្វ​នៃ​ក្រសួងកសិកម្ម​ចេញ កាលពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២១ លើ​សំណាក​ឈាមជ្រូក​រស់​ចំនួន​៣៨​ក្បាល ដែល​សមត្ថកិច្ច​ចាប់​នៅ​ព្រំដែន​កម្ពុជា ថៃ​នៅ​ខេត្តបន្ទាយមានជ័យ កាលពី​រសៀល​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២១​កន្លងមកនេះ ។​

​យោងតាម​លោក ហ៊ុយ ទូច ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ថា កាលពី​ម៉ោង​២​និង​១០​នាទី​រសៀល ថ្ងៃទី ៣០​ខែ មីនា ឆ្នាំ​២០២១ ក្រុម​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​វិស័យ​សុខភាព​សត្វ ផលិតកម្ម​សត្វ​ការិយាល័យ​នេះ​សហការ​និង​កម្លាំង​ពាក់ព័ន្ធ​បានធ្វើ​ការឃាត់​ចាប់​រថយន្ត ២​គ្រឿង រថយន្ត​ទី​១ ម៉ាក​នី​ស​សាន់​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 2A-0388 ដែល​ផ្ទុក​ជ្រូក​រស់​ចំនួន​២០​ក្បាលជ្រូក​ជំទើ ត្រៀម​យកមក​ខ្វៃ​លក់​ក្នុងអំឡុង​ឆេង​ម៉េង​និង​រថយន្ត​ទី​២ គ្មាន​ស្លាក​លេខ​ពណ៌​ខ្មៅ ម៉ាក​កា​ម៉ា​រី គ្មាន​ស្លាក​លេខ ផ្ទុក​ជ្រូក​រស់​ចំនួន ១៨​ក្បាលជ្រូក​ជំទើរ នៅ​ចំណុច​ខាងកើត​សាលាស្រុក​អូរជ្រៅ ក្នុងភូមិ​សូរិយា​ថ្មី ឃុំ​កូប ស្រុក​អូរជ្រៅ ដែល​សត្វ​ជ្រូក​បាន​នាំចូល​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង​នៃ​ព្រំដែន​កម្ពុជា ថៃ​ក្នុងស្រុក​អូរជ្រៅ ។​ការនាំ​ចូល​សត្វ​ជ្រូក​នេះ​ដោយ​មិនមាន​លិខិតអនុញ្ញាត មិនមាន​លិខិតបញ្ជាក់​សុខភាព​សត្វ​ឡើយ ។​

​ក្នុងនោះ​សមត្ថកិច្ច​ជំនាញ បាន​នាំយក​វត្ថុតាង​ល្មើស​ខាងលើ​មកកាន់​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត អនុវត្ត​នូវ​នីតិវិធី​ច្បាប់​និង​ធ្វើ​ច​ត្តា​ឡី​ស័ក ។ និង​បាន​បូម​ឈាម​ផ្ញើ​ទៅ​មន្ទីរពិសោធន៍​របស់​អគ្គ​នាយកដ្ឋាន​ផលិតកម្ម​សត្វ​និង​សុខភាព​ព​សត្វ​ដើម្បី​ចាត់ការ​ជា​បន្តទៀត​។ ជា​លទ្ធផល​លើ​សំណាក​ឈាមជ្រូក ដែល​ធ្វើ​ពិសោធន៍​បាន​បញ្ជាក់ថា វត្ថុ​វិភាគ​មានគុណ​ភាពល្អ តែ​វា​វិជ្ជមាន​ជម្ងឺ​ជ្រូក​អា​ហ្វ្រឹ​ច​។​

​យោង​ការណែនាំ​របស់ លោក តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ លោក ប៉ាង វណ្ណា​សេដ្ឋ ប្រធាន​កសិកម្ម​ខេត្ត និង​ចំណារ​របស់លោក​មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​។ បានអនុញ្ញាត​ឲ្យ​ជំនាញ​ដុតបំផ្លាញ​ចោល​តាម​និតិ​វិធិ​និង​បច្ចេកទេស​ព្រោះ​ជា​ប្រភេទ​ជ្រូក​មាន​ជម្ងឺ ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែល​បាន​ទិញ​យកទៅ​បរិភោគ ។ ដូច្នេះ​សត្វ​ជ្រូក​ទាំង​៣៨​ក្បាល​នោះ​ត្រូវ​មន្ត្រី​ជំនាញ​នាំទៅ​ដុតបំផ្លាញ​ចោល ហើយ​កាលពី​ម៉ោង​៣​រសៀល​ថ្ងៃទី​០១​ខែមេសា​ឆ្នាំ​២០២១​ម្សិលមិញ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close