អភិបាលខេត្តបន្ទាយមានជ័យ ចុះដោះស្រាយបញ្ហបងប្អូនប្រជាពលរដ្ឋទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ នៅប៉ោយប៉ែត

នៅព្រឹកថ្ងៃចន្ទទី៥ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយរួមលោក គាត ហ៊ុល អភិបាលក្រុង មន្ត្រីពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យមើលតាមខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋទទួលរងគ្រោះដោសារខ្យល់កន្ត្រាក់ នៅភូមិក្បាលស្ពាន១ និងភូមិសាមគ្គីមានជ័យ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងផ្សារ ចំនួន២ផ្សារ ក្នុងភូមិក្បាលស្ពាន១ ត្រូវខ្យល់កន្ត្រាក់រលំបើងដួល ។

ជាកិច្ចការដោះស្រាយបន្ទាន់ លោកអភិបាលខេត្តរួមជាមួយក្រុមការងារ បានផ្តល់សង្ក័សី ជូនកងកម្លាំងទាំង៣ មានយោធា នគរបាល កងរាជអាវុធហត្ថ ប្រជាការពារ ដើម្បីរៀបចំជួសជុលឡើងវិញ លើផ្ទះខូចខាតធ្ងន់ស្រាល ចំនួន ១៩ខ្នងផ្ទះ អស់សង្ក័សី ចំនួន២១៧ សន្លឹក និងឈើមួយចំនួន។ ដោយឡែកផ្សារដែលបងប្អូនអាជីវករលក់ដូរ ខាងម្ចាស់ក្រុមហ៊ុនទាំង២ បាននឹងកំពុងជួសជុលរៀបចំឲ្យបានរឹងមាំឡើងវិញ។

ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ុំ រាត្រី កិ៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧត្តុនិយម លើភូមិសាស្ត្រខេត្ត ទទួលរងបាតុភូមិសម្ពាធទាប បណ្តាលឲ្យមានភ្លៀងធ្លាក់ ខ្យល់ផ្គររន្ទះ ដូច្នេះត្រូវបង្កើនការប្រុងប្រយ័ត្នជាពិសេស សុវត្ថិភាព ខ្លួន កូនៗចៅៗ ឲ្យបានល្អ ដើម្បីបង្ករជៀសវាងគ្រោះជាយថាហេតុណាមួយកើតឡើង។

ក្នុងនោះដែរឯកឧត្តមក៍សូមចូលរួមស្តាយចំពោះការបាត់បង់ ខូចខាតទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋយើង ទាំងអស់គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។