អ្នកស្លាប់ដោយសារកូវីដ១៩នៅកម្ពុជាកើនដល់២១នាក់ ក្រោយមានបុរសជនជាតិចិនម្នាក់ទៀតស្លាប់កាលពីយប់មិញ

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ ១០យប់ថ្ងៃទី៤ ខែមេសា មានបុរសជនជាតិចិន អាយុ៤២ឆ្នាំ ស្នាក់នៅ Appartment Prince Tower ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានស្លាប់ដោយសារជំងឺកូវីដ១៩។

អ្នកជំងឺត្រូវរកឃើញវិជ្ជមានកូវីដ១៩នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃនោះផងដែរ ដោយស្ថានភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកពេទ្យដំបូង ដែលតម្រូវឲ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមតាំងពីថ្ងៃចូលសម្រាកពេទ្យដំបូង។
តែទោះបីជាក្រុមគ្រូពេទ្យខិតខំជួយសង្រ្គោះតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ ក៏មិនអាចជួយអ្នកជំងឺបាន ហើយស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ ដែលបណ្តាលឲ្យអ្នកជំងឺស្លាប់នៅវេលាម៉ោង១០យប់ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១។
បើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះបានបង្ហាញថា កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដសរុបចំនួន ២១នាក់ហើយ ខណៈអ្នកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន ៩៧៩នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។