ពិភពលោក​មាន​អ្នក​ឆ្លង​កូ​វិដ​១៩ ជិត ១៣២​លាន​នាក់ ស្លាប់​ជាង​២,៨​លាន​នាក់ ជាមួយគ្នានេះ​មាន​ពលរដ្ឋ​ចាក់​វ៉ាក់សាំង ជិត​៦០០​លាន​នាក់​ហើយ​

​ការស្លាប់​និង​ឆ្លង​កូ​វីដ ១៩ នៅលើ​ពិភពលោក កើន​ឡើងជា​បន្តបន្ទាប់ ដោយមាន​អ្នក​ឆ្លង​កើន​ឡើងដល​ទៅជិត​១៣២​លាន​នាក់​ហើយ និង​ស្លាប់​ជាង​២,៨​លាន​នាក់ ។ នៅពេល​នេះដែរ​មាន​ពលរដ្ឋ​ដល់​ទៅ ជិត ៦០០​លាន​នាក់​ហើយ​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ ១៩ ហើយ​នៅពេល​ដ៏​ខ្លី​ខាងមុខ​នឹងមាន​ពលរដ្ឋ​ចាក់​វ៉ាក់សាំង កើនឡើង​ដល់​ទៅ ១​ពាន់​លាន​នាក់​។​

​សហរដ្ឋអាមេរិក នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ COVID-19 ច្រើនជាងគេ​។ សហរដ្ឋអាមេរិក មាន​អ្នក​ឆ្លង​ជំងឺ COVID-19 ចំនួន ៣១,៤២០,៣៣១​នាក់ ស្លាប់​ចំនួន ៥៦៨,៧៧៧​នាក់ និង​ជាសះស្បើយ​ចំនួន ២៣,៩៤៦,៧០៣​នាក់​។​​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២ នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ គឺ​ប្រទេស​ប្រេ​ស៊ី​ល​។ ប្រេ​ស៊ី​ល​មាន​អ្នក​ឆ្លង ១២,៩៨៤,៩៥៦​នាក់ ស្លាប់​ចំនួន ៣៣១,៥៣០​នាក់ និង​ជាសះស្បើយ ១១,៣៥៧, ៥២១​នាក់​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣ គឺ​ប្រទេស​ឥណ្ឌា​។ ឥណ្ឌា មាន​អ្នក​ឆ្លង ១២,៥៨៧,៩២០​នាក់ ស្លាប់ ១៦៥,១៣២​នាក់ និង​ជាសះស្បើយ ១១, ៦៧៩,៩៥៨​នាក់​។​

​បើទោះបី​មាន​ករណី​ឆ្លង​ច្រើន ប៉ុន្តែ​ប្រទេស​មួយចំនួន​ដែល​បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ច្រើន​បាន​ត្រៀមលក្ខណៈ​បើក​ដំណើរការ​សេដ្ឋកិច្ច​របស់ខ្លួន​ឡើងវិញ ក្នុងនោះ​មាន​ប្រទេស​អង់គ្លេស​។ សារព័ត៌មាន រ៉​យ​ទ័​រ នៅ​ថ្ងៃទី ៥​ខែមេសា​បាន​ផ្សាយ​ថា នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក បូរី​ស ច​ន​សុន (Boris Johnson) នឹងដាក់​ចេញ​នូវ​ផែនការ​ថ្មី ដើម្បី​ឈានទៅ​បើក​ដំណើរការ​សេដ្ឋកិច្ច តាមរយៈ​ចាប់ផ្តើម​ការធ្វើដំណើរ​អន្តរជាតិ​ឡើងវិញ នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ បន្ទាប់ពី​ខ្លួប​បានចាប់ផ្ដើម​ដំណើរការ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ដ៏​លឿន​បំផុត​មួយ​នៅលើ​ពិភពលោក​។​

​ខណៈដែល​ប្រទេស​អឺរ៉ុប​ភាគច្រើន កំពុង​ដើរចូល​ទៅក្នុង​វិធានការ​បិទទ្វារ (lockdown) សាជាថ្មី ដើម្បី​ដោះស្រាយ​នឹង​ករណី​ឆ្លង​ដែល​កំពុង​កើនឡើង លោក Johnson នឹង​ផ្តល់ព័ត៌មាន​ថ្មីៗ​ស្តីពី​ផែនការ​ដ៏​ចង្អៀត​របស់លោក ដើម្បី​បន្ធូរបន្ថយ​ការ​រឹតបន្តឹង នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ ដែលជា​ការជំរុញ​ដ៏​ធំ​មួយ​សម្រាប់​ចក្រភព​អង់គ្លេស អំឡុង​ពេលដែល​ជំងឺ COVID-19 ដ៏​កាច​សាហាវ​កំពុង​បន្ត​រាតត្បាត​។​

​លោក Johnson អាច​នឹង​ប្រកាស​ឲ្យ​ហាង​លក់ទំនិញ​បន្ទាប់បន្សំ និង​ហាង​កាត់សក់​បើក​ដំណើរការ​ឡើងវិញ​នៅ​អង់គ្លេស ចាប់ពី​ថ្ងៃទី​១២ ខែមេសា ខណៈពេលដែល​លោក​ក៏​នឹង​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែ​ម ស្តីពី​លិខិតឆ្លងដែន​វ៉ាក់សាំង និង​ការធ្វើដំណើរ​អន្តរជាតិ​ផងដែរ​។​ ​លោក Johnson បាន​គូសបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​នៅពេលដែល​យើង​បន្តធ្វើ​ឱ្យមាន​វឌ្ឍនភាព​ល្អ លើ​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​យើង និង​ជាមួយ​ផែនការមេ​របស់​យើង ដើម្បី​បន្ធូរបន្ថយ​ការ​រឹតបន្តឹង ដោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ការធ្វើ​តេស្ត​លឿន​ជា​ទៀងទាត់ គឺមាន​សារៈសំខាន់​ណាស់​ដើម្បី​ធ្វើឱ្យ​ប្រាកដថា កិច្ចប្រឹងប្រែង​មិនត្រូវ​បាន​ខ្ជះខ្ជាយ​ឡើយ​»​។​

​អង់គ្លេស​អាច​នឹង​បន្ត​ឈានទៅរក ការ​ធូរស្បើយ​ឡើងវិញ បន្ទាប់ពី​ប្រទេស​នេះ​បាន​ចាក់​វ៉ាក់សាំង​បង្ការ COVID-19 របស់​ក្រុមហ៊ុន​ក្នុងស្រុក AstraZeneca និង​ក្រុមហ៊ុន​អាមេរិក Pfizer ជូន​ដល់​ប្រជាជន​ពេញវ័យ ជាង​ពាក់កណ្តាល​របស់ខ្លួន​។ រីឯ​ការបើក​សាលារៀន​ឡើងវិញ កាលពី​ខែមីនា​កន្លងទៅនេះ ក៏​មិនទាន់​ធ្វើឱ្យមាន​ករណី​ឆ្លង​ផ្ទុះ​ឡើងវិញ​ដែរ ទោះបីជា​អាជ្ញាធរ​បាន​បង្កើន​ការធ្វើ​តេស្ត​ក៏ដោយ​៕
​ 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close