អង់គ្លេស ដាក់ចេញ​ផែនការ​ធ្វើដំណើរ បន្ទាប់ពី​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ

​អង់គ្លេស​៖ នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក បូរី​ស ច​ន​សុន នឹងដាក់​ចេញ​នូវ​ផែនការ​ថ្មី ដើម្បី​ឈានទៅ​បើក​ដំណើរការ​សេដ្ឋកិច្ច តាមរយៈ​ចាប់ផ្តើម​ការធ្វើដំណើរ​អន្តរជាតិ​ឡើងវិញ នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ បន្ទាប់ពី​ខ្លួប​បានចាប់ផ្ដើម​ដំណើរការ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ដ៏​លឿន​បំផុត​មួយ​នៅលើ​ពិភពលោក​។

​លោក បូរី​ស ច​ន​សុន បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា នៅពេលដែល​យើង​បន្តធ្វើ​ឱ្យមាន​វឌ្ឍនភាព​ល្អ លើ​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​យើង និង​ជាមួយ​ផែនការមេ​របស់​យើង ដើម្បី​បន្ធូរបន្ថយ​ការ​រឹតបន្តឹង ដោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ការធ្វើ​តេស្ត​លឿន​ជា​ទៀងទាត់ គឺមាន​សារៈសំខាន់​ណាស់​ដើម្បី​ធ្វើឱ្យ​ប្រាកដថា កិច្ចប្រឹងប្រែង​មិនត្រូវ​បាន​ខ្ជះខ្ជាយ​ឡើយ​។​

​លោក​បន្ថែមថា អាច​នឹង​ប្រកាស​ឲ្យ​ហាង​លក់ទំនិញ​បន្ទាប់បន្សំ និង​ហាង​កាត់សក់​បើក​ដំណើរការ​ឡើងវិញ​នៅ​អង់គ្លេស ចាប់ពី​ថ្ងៃទី​១២ ខែមេសា ខណៈពេលដែល​លោក​ក៏​នឹង​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែ​ម ស្តីពី​លិខិតឆ្លងដែន​វ៉ាក់សាំង និង​ការធ្វើដំណើរ​អន្តរជាតិ​ផងដែរ ។​

​សូមជម្រាបថា អង់គ្លេស​អាច​នឹង​បន្ត​ឈានទៅរក ការ​ធូរស្បើយ​ឡើងវិញ បន្ទាប់ពី​ប្រទេស​នេះ​បាន​ចាក់​វ៉ាក់សាំង​បង្ការ COVID-19 របស់​ក្រុមហ៊ុន​ក្នុងស្រុក AstraZeneca និង​ក្រុមហ៊ុន​អាមេរិក Pfizer ជូន​ដល់​ប្រជាជន​ពេញវ័យ ជាង​ពាក់កណ្តាល​របស់ខ្លួន ។ រីឯ​ការបើក​សាលារៀន​ឡើងវិញ កាលពី​ខែមីនា​កន្លងទៅនេះ ក៏​មិនទាន់​ធ្វើឱ្យមាន​ករណី​ឆ្លង​ផ្ទុះ​ឡើងវិញ​ដែរ ទោះបីជា​អាជ្ញាធរ​បាន​បង្កើន​ការធ្វើ​តេស្ត​ក៏ដោយ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close