ស្នងការនគរបាលខេត្តបាត់ដំបង បំភ្លឺពីការស្លាប់របស់ឈ្មោះពេជ្រ ធារ៉េត ហៅស្នា ភេទប្រុស អាយុ៣១ឆ្នាំ!

ខេត្តបាត់ដំបង៖ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជម្រាបជូន សាធារណជន ពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា នៅថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០២១ នេះមានគណនីហ្វេសប៊ុកឈ្មោះ Dara khan បានផ្សព្វផ្សាយរូបភាពនិងសរសេរខ្លឹមសារចោទប្រកាន់ទៅលើសមត្ថកិច្ចនគរបាល ទាក់ទងនឹងការស្លាប់របស់ឈ្មោះពេជ្រ ធារ៉េត ហៅស្នា ភេទប្រុស អាយុ៣១ឆ្នាំរស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុក សង្កែ ខេត្តបាត់ដំបង។

សូមជម្រាបជូនថា កាលពីថ្ងៃទី០៣ ខែ មេសា ឆ្នាំ ២០២១ វេលាម៉ោង ១៤និង០០នាទី មានករណីប្តីរាយខ្សែអគ្គិសនីដែលមានចរន្ត នៅក្នុងលំនៅដ្ឋានធ្វើឱ្យឆ្លងចរន្តបណ្តាលឱ្យស្លាប់ប្រពន្ធរបស់ខ្លួនឈ្មោះ ជា ច័ន្ទរចនា អាយុ ៣០ឆ្នាំ ខណៈដែលប្រពន្ធគាត់ឡើងទៅខាងលើផ្ទះនិះ។ ក្នុងពេលកើតហេតុភ្លាមៗ ប្តីដែលជាជនស័ង្សយក្នុងករណីនេះបានមកដល់ទីកន្លែងកើតហេតុ ហើយត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋនៅទីនោះឃាត់ខ្លួន ហើយបន្ទាប់មកបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកសង្កែ ដើម្បីធ្វើការសាកសួរ ស្រាវជ្រាវ។
ក្នុងពេលសាកសួរស្រាវជ្រាវនេះ ជនសង្ស័យបានឆ្លើយសារភាពថា រូបគាត់ពិតជាបានប្រព្រឹត្តសកម្មភាពរាយខ្សែ អគ្គិសនីដែលមានចរន្ត នៅលើផ្ទះក្នុងបំណងឱ្យឆក់សម្លាប់ប្រពន្ធរបស់ខ្លួនដោយសារតែរឿងប្រចណ្ឌ័ ហើយក្នុងអំឡុង ពេលចុងក្រោយនេះគឺរូបគាត់ត្រូវបានប្រពន្ធប្តឹងសុំលែងលះទៀតផង ។ ពេលជាមួយគ្នានេះ គាត់ក៏បានសារភាពថា រូបគាត់ជាអ្នកប្រើប្រាស់គ្រឿងញៀនជាប់ប្រចាំផងដែរ ជាក់ស្តែងក្នុងថ្ងៃកើតហេតុរូបគាត់បានប្រើប្រាស់គ្រឿងញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICE ដល់ចំនួន០២លើកក្នុងចន្លោះពេលតែជាងមួយម៉ោងប៉ុណ្ណោះ ហើយក្នុងពេលសាកសួរនេះ សមត្ថកិច្ចក៏បានកត់ សម្គាល់ឃើញស្ថានភាពគាត់មានសភាពដូចគ្នា នឹង អ្នកប្រើប្រាស់គ្រឿងញៀនជោគជាំនាពេលកន្លងមកដូច្នេះដែរ។

ក្រោយការសារសួររួចសមត្ថកិច្ចនគរបាលបាននាំរូបគាត់ទៅកាន់បន្ទប់ឃាត់ខ្លួន ហើយក្នុងពេលនោះរូបគាត់បាន ស្រែកឡូឡា ដោយស្មារតីមិនប្រក្រតី និងបន្តិចក្រោយមកក៏ស្ងាត់សម្លេងឡូឡារបស់គាត់ ដូច្នេះនគរបាលបានដើរទៅមើលក៏ឃើញរូបគាត់លែងនិយាយស្តី ហេីយក្នុងស្ថានភាពឡេះឡះក្នុងខ្លួន ដោយឃើញស្ថានភាពបែបនេះ សមត្ថកិច្ចនគរបាលបានយករថយន្ត នាំបញ្ជូនគាត់ទៅសង្គ្រោះនៅមន្ទីរពេទ្យ តែដោយសារស្ថានធ្ងន់ធ្ងររូបគាត់បានស្លាប់នៅតាមផ្លូវបាត់ទៅហើយ។
នៅព្រឹកថ្ងៃទី៤ ខែ មេសា ឆ្នាំ ២០២១តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានដឹកនាំបង្កើតគណៈកម្មាការធ្វើកោសល្យវិច្ឆ័យចំពោះសាកសពរបស់គាត់ ដោយមានសមាសភាពចូលរួម ពីគ្រូពេទ្យ មន្ត្រីនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ មន្ត្រីនគរបាលមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធរួមទាំងក្រុមគ្រួសាររបស់គាត់ផង ហើយលទ្ធផលនៃការវាយតម្លៃសន្និដ្ឋានពីគណៈកម្មាការកោសល្យវិច្ឆ័យនេះ បានសន្និដ្ឋានថា បុរសឈ្មោះ ពេជ្រ ធារ៉េត ហៅស្នា ភេទប្រុស អាយុ៣១ឆ្នាំរស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុក សង្កែ ខេត្តបាត់ដំបង ពិតជាស្លាប់ដោយគាំងបេះដូង “ប្រើប្រាស់សារធាតុញៀនហួសកម្រិត” ។

ផ្អែកតាមលទ្ធផលខាងលើក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមធ្វើការបដិសេធ ចោលទាំងស្រុងចំពោះ ខ្លឹមសារដែលបានផ្សព្វផ្សាយដោយម្ចាស់គណនីហ្វេសប៊ុកខាងលើ ដែលជាក់ស្តែងការផ្សព្វផ្សាយរបស់ម្ចាស់គណនីខាងលើគឺជាចេតនាដេីម្បីបំពុលបរិយាកាសសង្គមនិងទម្លាក់កំហុសដោយចេតនាទុច្ចរិតមកលើសមត្ថកិច្ចនគរបាលតែប៉ុណ្ណោះ៕




កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។