ចូលឆ្នាំនេះ បើទៅលេងខេត្តកំពង់ឆ្នាំង គឺត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ ព្រមទាំងធ្វើតេស្តសំណាកទៀត

រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ នេះ បានប្រាប់ទៅដល់អាជ្ញាធរមូលដ្ឋាន ឲ្យពិនិត្យមើលពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ពិសេសត្រូវតែធ្វើការស្រាវជ្រាវអ្នកដែលទៅធ្វើការនៅកន្លែងមានហានីភ័យខ្ពស់ជំងឺកូវីដ១៩។
ដោយក្នុងនោះ អាជ្ញាធរត្រូវណែនាំគួរកុំឲ្យពួកគាត់ត្រឡប់មកផ្ទះ ដោយគួរសួរសុខទុក្ខគ្នាតាមអនឡាញ ហើយប្រសិនបើពួកគាត់មកដល់ភ្លាម គឺត្រូវគ្រប់គ្រង និងដាក់ឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ ព្រមទាំងរាយការណ៍មកគ្រូពេទ្យ ដើម្បីយកសំណាកទៅធ្វើតេស្ត។
ហើយចំពោះបងប្អូនដែលនៅក្រៅមូលដ្ឋានចង់អញ្ជើញមកក្នុងគោលបំណងធ្វើបុណ្យទានពេលចូលឆ្នាំថ្មី អាជ្ញាធរ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ ត្រូវណែនាំតាមរយៈបងប្អូនសាច់ញាតិក្នុងដែនសមត្ថកិច្ចជាមុន ដោយគួរពុំចាំបាច់អញ្ជើញមកឆ្នាំនេះ ដោយធ្វើបុណ្យទានតាមវិធីផ្សេងៗដូចជា ផ្ញើថវិកាឲ្យសាច់ញាតិក្នុងភូមិធ្វើបុណ្យជំនួសជាដើម តែក្នុងករណីពួកគាត់អញ្ជើញមក ត្រូវមកមនុស្សតិច រក្សាគម្លាតសុវត្ថិភាពឲ្យបានល្អ, ពាក់ម៉ាស់ វាស់កំដៅ និងត្រូវចាត់ឲ្យក្រុមការងារតាមកន្លែងនីមួយៗកត់ឈ្មោះ អាសយដ្ឋានអ្នកចម្ងាយឲ្យបានគ្រប់ៗគ្នា។
ជាមួយគ្នានេះដែរ សម្រាប់ប្រជាពលរដ្ឋក្រៅមូលដ្ឋាន ដែលមានគោលដៅដើរទេសចរណ៍កម្សាន្ត ឬមកធ្វើបុណ្យចូលឆ្នាំ អាជ្ញាធរ និងសមត្ថកិច្ចនៅកន្លែងនោះ ត្រូវគ្រប់គ្រងភ្លាម ដោយធ្វើសម្ភាសន៍ពីកន្លែងរស់នៅ និងទីកន្លែងដែលទៅដល់ និងចាត់បញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័ករបស់ខេត្ត ហើយករណីរឹងទទឹង ត្រូវអនុវត្តវិធានការច្បាប់ស្របតាមនីតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។