ភ្លៀងផ្គររន្ទះ ទឹកជំនន នៅប្រទេសជាច្រើន ក្នុងតំបន់អាស៊ាន

ក្នុងពេលប៉ុន្មានថ្ងៃដើមខែមេសាឆ្នាំ២០២១ មានភ្លៀងផ្គរន្ទះ គ្រប់ដណ្តប់នៅប្រទេសជាច្រើន ក្នុងតំបន់អាស៊ាន ក្នុងនោះមានប្រទេស ឥណ្ឌូនេស៊ី ទីម័រ ថៃ ជាដើម។ មនុស្សជាង ៧០នាក់បានបាត់បង់ជីវិត និងរាប់សិបនាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីគ្រោះទឹកជំនន់ និងរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារប្រទេសឥណ្ឌូណេស៊ី និងប្រទេសទីម័រខាងកើត ដែលស្ថិតនៅជិតខាងគ្នា។

អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី លោក រ៉ាទិត្យា ដ្យាទី (Raditya Djati) បានគូសបញ្ជាក់ប្រាប់ទូរទស្សន៍ក្នុងស្រុកថា «អ្នកស្លាប់សរុបមានចំនួន ៥៥នាក់ ប៉ុន្តែច្បាស់ណាស់ថា ចំនួននេះនឹងមានការផ្លាស់ប្តូរ ខណៈមនុស្ស ៤២នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ»។
ដោយឡែកសម្រាប់ប្រទេសទីម័រខាងកើតវិញ មនុស្សសរុប ២១នាក់បានបាត់បង់ជីវិត។ គ្រោះទឹកជំនន់ និងរអិលបាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ បានបំផ្លិចបំផ្លាញកោះជាច្រើន លាតសន្ធឹងពីកោះ ហ្វ្ល័រស៍ (Flores) នៃប្រទេសឥណ្ឌូណេស៊ី រហូតដល់ប្រទេសទីម័រខាងកើត ជាទីដែលផ្ទះសម្បែងរាប់ពាន់ខ្នងត្រូវបានជន់លិច និងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួន ចេញពីផ្ទះសម្បែងរបស់ពួកគេ។
ចំណែកនៅក្នុងប្រទេសថៃវិញ នាយកដ្ឋានការពារ និងគ្រប់គ្រងគ្រោះមហន្តរាយថៃ នៅថ្ងៃចន្ទនេះ បានរាយការណ៍ឱ្យដឹងថា ព្យុះផ្គររន្ទះ ខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង បានបំផ្លិញបំផ្លាញផ្ទះសម្បែងសរុបចំនួន៣,៨០០ខ្នង នៅក្នុងខេត្តចំនួន៣៤នៃប្រទេសថៃ ដោយមានស្ដ្រីម្នាក់ បានស្លាប់បាត់បង់ជីវិត និង០៥នាក់ផ្សេងទៀតបានរងរបួសផងដែរ។
បើតាមនាយកដ្ឋានការពារ និងគ្រប់គ្រងគ្រោះមហន្តរាយថៃ ផ្ទះសម្បែងចំនួន២,៩០០ខ្នង បានរងការខូចខាតយ៉ាងខ្លាំង នៅក្នុងខេត្តចំនួន១១ នៅភាគខាងជើង ដែលក្នុងចំណោមនោះ ខេត្ត Pichit, Phitsanulok, Sukhothai និង Nan សុទ្ធតែជាខេត្តរងគ្រោះខ្លាំងបំផុត។ រីឯខេត្ត Nakhon Ratchasima ភាគឦសាន្ត ក៏បានរងការខូចខាតយ៉ាងខ្លាំងផងដែរ បន្ទាប់មានផ្ទះសម្បែង៣០០ខ្នងរងការខូចខាត ហើយបន្ទាប់មកទៀតគឺខេត្ត Surin។
ស្ត្រីម្នាក់នៅស្រុក Muang ខេត្ត Nan បានស្លាប់បាត់បង់ជីវិត ខណៈមែកឈើមួយបានបាក់រលំសង្កត់លើរថយន្តរបស់គាត់។ ចំណែកឯ ០៥នាក់ផ្សេងទៀត បានរងរបួសនៅខេត្ត Nan, Surin និង Pichit។
គួរបញ្ជាក់ថា តំបន់ភូមិភាគខាងជើងនៃប្រទេសថៃ បានរងការវាយប្រហារដោយសារព្យុះ ចាប់តាំងពីចុងខែមីនាមក ហើយនាយកដ្ឋានឧតុនិយមថៃ បានប្រកាសនៅថ្ងៃចន្ទនេះថា ស្ថានភាពអាកាសធាតុបែបនេះ នឹងបន្តរហូតដល់ថ្ងៃអង្គារស្អែក ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។