ជំនន់ទឹកភ្លៀង បាក់ដី នៅឥណ្ឌូណេស៊ី និងទីម័រខាងកើត មានអ្នកស្លាប់ កើនឡើងជាង ១០០នាក់

ឥណ្ឌូណេស៊ី៖ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៥៧នាក់ និងជាច្រើននាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីជំនន់ទឹកភ្លៀង និងបាក់ដីវាយប្រហារប្រទេសឥណ្ឌូណេស៊ី និងប្រទេសក្បែរខាងគ្នា គឺ ទីម័រខាងកើត ។
ទន្ទឹមនឹងគ្រោះធម្មជាតិខាងលើនេះ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ (Joko Widdo) បានសម្តែងការចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅចំពោះគ្រោះមហន្តរាយដ៏អាក្រក់នេះ ។ លោកមានប្រសាសន៍នៅក្នុងសុន្ទរកថាទូទាំងប្រទេសថា ខ្ញុំយល់ពីទុក្ខសោកយ៉ាងជ្រាលជ្រៅ ដែលបងប្អូនយើងបានរងទុក្ខពីគ្រោះមហន្តរាយ ។
គួរបញ្ជាក់ថា គ្រោះទឹកជំនន់ និងរអិលបាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ បានបំផ្លិចបំផ្លាញកោះជាច្រើន លាតសន្ធឹងពីកោះ ហ្វ្ល័រស៍ (Flores) របស់ប្រទេសឥណ្ឌូណេស៊ី រហូតដល់ប្រទេសទីម័រខាងកើត ជាទីដែលផ្ទះសម្បែងរាប់ពាន់ខ្នងត្រូវបានជន់លិច និងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។