នីហ្សេរីយ៉ា៖ ក្រុមឧទ្ទាមវាយប្រហារមន្ទីរឃុំឃាំង អ្នកទោសជិត២០០០នាក់បានរត់ចេញ

សារព័ត៌មាន BBC បានដកស្រង់សម្តីមន្ត្រីក្នុងតំបន់ដែលបានឱ្យដឹងថា ក្រុមឧទ្ទាមបានប្រើប្រាស់រំសេវបំផ្ទុះបំផ្លាញទីតាំងរដ្ឋបាលនៅមន្ទីរឃុំឃាំង Owerri នាព្រឹកថ្ងៃទី៥ ខែ មេសា(ពេលវេលាក្នុងតំបន់)។ ខ្មាន់កាំភ្លើងបានប្រើប្រាស់អាវុធធុនធ្ងន់ រួមទាំងកាំភ្លើងប្រឆាំងរថក្រោះ កាំភ្លើងយន្ត រំសេវផ្ទុះ …វាយប្រហារទៅលើទីតាំងមន្ទីរឃុំឃាំងខាងលើ។
មន្ត្រីគ្រប់គ្រងពន្ធនាគារបានឱ្យដឹងថា មានអ្នកទោស១៨៤៤នាក់បាន រត់ចេញពីមន្ទីរឃុំឃាំង ។ ក្នុងចំណោមអ្នកទោសទាំងអស់មានតែ៣៥នាក់ប៉ុណ្ណោះដែលសម្រេចមិនរត់ចេញ ហើយមានអ្នកទោស៦នាក់បានវិលត្រឡប់មកមន្ទីរឃុំឃាំងវិញ។
កម្លាំងសន្តិសុខបានឱ្យដឹងដែរថា ក្រុមឧទ្ទាមបំបែករដ្ឋគឺជាអ្នកវាយប្រហារ ប៉ុន្តែក្រុមនេះបានបដិសេធថាពួកខ្លួនមិនមានការជាប់ពាក់ព័ន្ធនោះឡើយ។ ប្រធានាធិបតី Muhammadu Buhari បានថ្កោលទោសយ៉ាងខ្លាំង ដល់សកម្មភាពវាយប្រហារភេរវកម្ម ហើយពេលនេះកម្លាំងទាហានបានស្វែងចាប់ខ្លួនជនដៃដល់និងអ្នកទោសដែលបានរត់គេចខ្លួន។
រដ្ឋ Imo តាំងពីដើមមកគឺជាភូមិសាស្ត្រគ្រប់គ្រងដោយក្រុមទាមទារបំបែករដ្ឋ ។ ចាប់តាំងពីខែមករាមក ទីតាំងកម្លាំងប៉ូលិស និងមធ្យោបាយធ្វើដំណើរតែងបានរងការវាយប្រហារដុតបំផ្លាញជាច្រើន ហើយគ្រាប់រំសេវ អាវុធជាច្រើនរបស់ក្រុមប៉ូលិសត្រូវក្រុមឧទ្ទាមដណ្តើមយក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។