ចាប់បានហើយ ឃាតក​ដែលសម្លាប់​ក្មេងប្រុសអាយុ​១០ឆ្នាំ​នៅព្រែកឯង

ជនសង្ស័យ​ជាឃាតក​សម្លាប់កុមារា ជា ប៊ុនហេង កាលពីថ្ងៃទី៣១ ខែមីនា នៅ​ចំណុច​ដីឡូត៍គ្មានលេខ ផ្លូវថៃហ្គ័រ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារ អំពៅ ត្រូវ​បានសមត្ថកិច្ច​ចាប់​ខ្លួន​បាន​ហើយ​នៅ​ថ្ងៃទី៦ ខែមេសា ឆ្នាំ​២០២១នេះ។

ជនសង្ស័យមាន​ឈ្មោះអុន ភាម៉ុន ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់ នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

តាមចម្លើយ​សារភាព មុនពេលកើតហេតុជន សង្ស័យ និងកុមារារងគ្រោះ (ត្រូវជាបងថ្លៃជីដូនមួយ) ជិះម៉ូតូម៉ាក MSX ពណ៌ស ផ្លាកលេខ ភ្នំពេញ ១FJ-៨៣៨៤ ឌុបគ្នាចេញពីវត្តជ្រោយអំពិលទៅញាំប្រហិត ពេលជិះតាមផ្លូវកុមារារងគ្រោះយកដៃវាយ ក្បាលជនសង្ស័យលេង រួចជនសង្ស័យប្រាប់ថាកុំវាយ ព្រោះតំណម រួចក៏ជិះទៅមុខទៀត កុមារារងគ្រោះវាយក្បាលជន សង្ស័យលេងម្តងទៀត ធ្វើឲ្យជនសង្ស័យខឹងក៏រៀបគំរោង យកកុមារារងគ្រោះសម្លាប់ចោល ក៏កុហកកុមារារងគ្រោះថា ចុះ ទៅដកក្រអៅឈូកហូប! រួចជិះចូលក្នុងដីឡូត៍ (ចំណុចកើតហេតុ) ជនសង្ស័យយកដៃវាយកុមារារងគ្រោះមួយដៃចំថ្គាមខាង ស្តាំ និងវាយចំមុខមួយដៃទៀតដួលផ្កាប់លើដីមានទឹកតិចៗបណ្តាលឲ្យស្លាប់ រួចជនសង្ស័យជិះម៉ូតូគេចខ្លួនត្រលប់ទៅ ផ្ទះវិញ។

រហូតដល់ថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២១ ម៉ោង១១និង៣០នាទី ប្រជាពលរដ្ឋឃើញប្រទះឃើញសាកសពកុមារារងគ្រោះនៅចំណុចកើត ហេតុខាងលើ ក៏រាយការណ៍ប្រាប់សមត្ថកិច្ច បន្ទាប់មកការិយាល័យបច្ចេកទេស-វិទ្យាសាស្ត្រ, អង្គការ CPU បានចុះទៅធ្វើ​កោសល្យវិច្ច័យ។

លុះដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទី សមត្ថកិច្ច ខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនស្ស័យ រួមនិងម៉ូតូ០១គ្រឿងម៉ាកខាងលើ, មួកការពារពណ៌ខ្មៅ០១ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close