ករណីប្លន់នៅស្រុកអង្គរជុំ ដោយញាត់ក្រដាស់ជូតមាត់ ចាក់កាវ៥០២ទៅក្នុងមាត់ជនរងគ្រោះ ឥឡូវសមត្ថកិច្ចចាប់បានជនសង្ស័យហើយ គឺជាស្រ្តីពរពោះ៧ខែថែមទៀត

ស្នងការរងនគរបាលខេត្តសៀមរាប លោកណុប សារ៉ាក់ បានឲ្យដឹងថា ករណីប្លន់ស្រ្តីវ័យចំណាស់យកខ្សែក នៅស្រុកអង្គរជុំ ដោយញាត់ក្រដាស់ជូតមាត់ ចាក់កាវ៥០២ទៅក្នុងមាត់ជនរងគ្រោះ ឥឡូវនេះ សមត្ថកិច្ចបានជនសង្ស័យហើយ។
ជនសង្ស័យត្រូវបានបញ្ជាក់ថា មានឈ្មោះ គុណ ហួច ភេទស្រីអាយុ ២៨ឆ្នាំ រសនៅភូមិតាសោម ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប(មានផ្ទៃពោះ ៧ខែ)។

ជនសង្ស័យរូបនេះបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព យកកាវ៥០២ ចាក់ចូលក្នុងមាត់ជនរងគ្រោះ និងបានលួចយកខ្សែកដែលជនរងគ្រោះពាក់ពិតប្រាកដមែន។
គួរបញ្ជាក់ថា កាលពីថ្ងែទី ៣០ ខែមីនា ឆ្នាំ២០២១ ជនរងគ្រោះ ឈ្មោះ យ៉ម រួម ភេទស្រី អាយុ៦៧ ឆ្នាំ នៅភូមិតាសោម ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប នៅផ្ទះរបស់គាត់តែម្នាក់ឯង រហូតដល់ម៉ោង១២ និង៣០ នាទី ថ្ងៃខែឆ្នាំដដែល គាត់បានស្ដារពាងទឹករបស់គាត់ ដើម្បីអោយគេដឹកទឹក មកដាក់អោយ ពេលគាត់ស្ដាពាងរួច គាត់បានចងអង្រឹងដេកនៅមុខផ្ទះរបស់គាត់ជាប់និងផ្លូវ ដេកបានមួយសន្ទុះ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ បានទៅច្របាច់មាត់ជនរងគ្រោះ ញាត់ក្រដាស់ជូតមាត់ហើយចាក់ កាវ ៥០២ ចូលទៅក្នុងមាត់ជនរងគ្រោះ ខណ:ពេលដែលជនរងគ្រោះកំពុងតែដេកលក់នៅលើអង្រឹង បណ្ដាលអោយជនរងគ្រោះ វង្វេងស្មារតី និយាយមិនកើត ហើយជនសង្ស័យបានដោះយកខ្សែក ពីជនរងគ្រោះចំនួន១ដំឡឹង រួចរត់គេចខ្លួនបាត់តែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។