នគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនបុរសជាប្តីសម្លាប់ប្រពន្ធ ព្រោះតែភ្លើងប្រចណ្ឌ

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវលើករណីឃាតកម្មសម្លាប់ប្រពន្ធរបស់ខ្លួន នឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យជាប្តី កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។
នគរបាលក្រុងបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ុល ប៊ុនធឿន ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅផ្ទះជួល ស្ថិតនៅភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
គួររំលឹកថា កាលពីរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ករណីមួយបានបង្ករការភ្ញាក់ផ្អើល បន្ទាប់ពីប្រទះឃើញស្រី្តម្នាក់ ឈ្មោះ សេង វ៉េត ហៅស អាយុ៣៩ឆ្នាំ បានដេកស្លាប់ក្នុងបន្ទប់ជួល នៅចំណុចផ្ទះជួល ក្នុងក្រុមទី០១ ភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ក្នុងសភាពហើមខ្លាំង និងធំក្លិនមកខាងក្រៅ។
នៅចំពោះមុខនគរបាលជំនាញ បុរសជាប្តីឈ្មោះ ប៉ុល ប៊ុនធឿន បានឆ្លើយសារភាពថា គាត់ពិតជាបានសម្លាប់ស្រី្តជាប្រពន្ធរបស់គាត់ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នាវេលាយប់រំលងអាធ្រាត្រ ដោយការវាយដំលើផ្ទៃមុខ និងច្របាច់ករហូតដល់ស្លាប់។ ចំពោះមូលហេតុ ដែលឈានដល់ការសម្លាប់ប្រពន្ធបែបនេះ គឺដោយសារប្រពន្ធគាត់តែងតែជេរប្រមាថគាត់នៅពេលខឹង ហើយតែងតែទូរស័ព្ទទៅរកប្តីមុន (អតីតស្វាមី) របស់គាត់និងនិយាយសរសើរប្តីមុននៅចំពោះមុខគាត់ជាញឹកញយ។
បច្ចុប្បន្ននគរបាល កំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីបញ្ជូនបន្តទៅកាន់តុលារការអនុវត្តតាមផ្លូវច្បាប់៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។