គោយន្ត​ដឹកស្រូវ បាក់​សាក់​ស៊ី​រ៉ឺម៉ក រអិល​កា​រ៉ុង​ស្រូវ​សង្កត់​កៀប​ខ្ទប់​បុរស​ម្នាក់ ជាប់​នឹង​ដែក​ទទឹង​ដៃចង្កូត ស្លាប់​ភ្លាមៗ​

​បន្ទាយមានជ័យ​៖ បុរស​ម្នាក់ បាន​ស្លាប់​ភ្លាមៗ ខណៈ​ដឹកស្រូវ​ពេញ​គោយន្ត បណ្តាល​ឲ្យ​បាក់​សាក់​ស៊ី​រ៉ឺ​ម៉ ត្រូវ​ការុង​ស្រូវ​រអិល​សង្កត់​ខ្ទប់​កៀប​នឹង​ដែក​ទទឹង​ដៃចង្កូត​គោយន្ត​កន្ត្រៃ​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​ល្ងាច ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​អូ​តា​តោ ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​ក្របៅ ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​

​ជនរងគ្រោះ ឈ្មោះ សែម មុំ អាយុ​៤៨​ឆ្នាំ ភេទ​ប្រុស នៅ​ភូមិ​ក្បាល​ក្របី ឃុំ​សំបួរ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។ មូលហេតុ បង្ក​ឲ្យ​គ្រោះថ្នាក់​នេះ គឺ​សង្ស័យ​ដែក​សាក់​ស៊ី​រ៉ឺម៉ក​គោយន្ត មាន​សភាព​ចាស់ នៅពេល​ដឹកស្រូវ​ធ្ងន់ បាន​បាក់​ហើយ​ការុង​ស្រូវ​រអិល​សង្កត់​អ្នកបើកបរ កៀប​ខ្ទប់​នឹង​ដែក​ទទឹង​ដៃចង្កូត​គោយន្ត បណ្តាល​ឲ្យ​ស្លាប់​តែម្តង​។

​ក្រោយពេល​កើតហេតុ អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ពិនិត្យ និង​បានប្រគល់​សព​ជនរងគ្រោះ​ជូន​ក្រុមគ្រួសារ យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close