សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ ដាក់ចេញគោលការណ៍ ៦ចំណុច ជួយសម្រួលដល់អតិថិជន កំឡុងវិបត្តិកូវីដ១៩
សមាគមធនាគារ និង សមាគមមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា នៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ដោយសម្រេចដាក់ចេញនូវគោលការណ៍បន្ធូរបន្ថយចំនួន៦ ចំណុច ដើម្បីជួយសម្រួលដល់អតិថិជន ក្នុងគ្រាដ៏លំបាក នៃវិបត្តិកូវីដ១៩នេះ។
គោលការណ៍ទាំង៦នោះរួមមាន៖
១. សម្រាប់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩៖ លើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់រយៈពេលយ៉ាងតិចមួយខែ ព្រមទាំងទទួលបានការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងការពន្យារការបង់ប្រាក់ដើមរយៈពេលបីខែ។ រាល់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ ត្រូវបង្ហាញលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។
២. សម្រាប់អតិថិជនដែលជាប់ធ្វើចត្តាឡីស័ក៖ ផ្តល់ការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងពន្យារការបង់ទាំងប្រាក់ដើម និងការប្រាក់រយៈពេល មួយខែ និងលើកលែងរាល់ការផាកពិន័យទាំងអស់។
៣. បន្តធ្វើការផ្តល់ជូនការរៀបចំឥណទានឡើងវិញឲ្យបានឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួលសម្រាប់អតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩
៤. បញ្ចេញឥណទានសង្គ្រោះបន្ទាន់ ឬបន្ថែម ដោយបន្ធូរបន្ថយលក្ខខណ្ឌ ព្រមទាំងកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយបន្ត និងស្តារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្មមុន និងក្រោយពេលមានវិបត្តិ។
៥. ធ្វើការរៀបចំឥណទានឡើងវិញ ព្រមទាំងលើកលែងរាល់ការផាកពិន័យទាំងអស់ សម្រាប់អតិថិជនដែលទិញផ្ទះផ្ទាល់ខ្លួនទីមួយ សម្រាប់រស់នៅ (First Home Owner)។
៦. ផ្តល់នូវការអនុគ្រោះសម្រាប់អតិថជនដែលទទួលមរណភាពដោយជំងឺកូវីដ-១៩ តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាននីមួយៗ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។