រដ្ឋមន្ត្រីក្រសួងកសិកម្ម ជួបពិភាក្សាជាមួយនាយិកាអង្គការ JICA ប្រចាំកម្ពុជា ពីគម្រោងអភិវឌ្ឍន៍វិស័យកសិកម្ម
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី KAMEI Haruko នាយិកាអង្គការ JICA ប្រចាំនៅព្រះរាជា ណាចក្រកម្ពុជា និងក្រុមការងារបច្ចេកទេសរបស់គម្រោងដើម្បីពិនិត្យ និងវាយតម្លៃរួមលើវឌ្ឍនភាពនៃការអនុវត្តគម្រោងសម្រាប់ត្រីមាសទី១ ដើមឆ្នាំ២០២១។
ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវមតិស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកស្រីនាយិកា និងសមាជិកក្រុមការងារបច្ចេកទេស ដែលបានខិតខំបំពេញ ការងារយ៉ាងស្វិតស្វាញសម្រេចបានលទ្ធផលដែលយើងនឹងពិនិត្យ និងវាយតម្លៃរួមគ្នាក្នុងពេលបន្តិចទៀតនេះ។ សកម្មភាពនេះបាន បង្ហាញពីការចូលរួមទទួលខុសត្រូវលើការអនុវត្តគម្រោងដែលទទួលបានការជួយឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាលជប៉ុន ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត ធានាបាននូវសន្តិសុខស្បៀង បង្កើតឱកាសការងារ និងកំណើនប្រាក់ចំណូលក្នុងគ្រួសារ។
កិច្ចប្រជុំបានដំណើរការតាមកម្មវិធី ដោយបានលើកយកលទ្ធផលរបស់គម្រោងនីមួយៗ និងបញ្ហាសំខាន់ៗមកពិនិត្យ វាយតម្លៃ និងពិភាក្សា ផ្តល់ធាតុចូលសំខាន់ៗក្នុងន័យធ្វើយ៉ាងណាឲ្យសកម្មភាពរបស់គម្រោងរក្សាបាននូវនិរន្តរភាព ជោគជ័យ ស្របទៅតាមបរិបទនៃស្ថានភាពបច្ចុប្បន្ន។ លទ្ធផលគម្រោងដែលលើកយកមកបង្ហាញ និងពិភាក្សាមាន ៖
១- Rice Seed Production and Promotion.
២- Capacity Buildig for Pesticide Residue Analysis in Agricultural Produce.
៣- Development and Dissemination of Sustainable Production System Based on Invasive Pest Management of Cassava.
បន្ទាប់ពីបានស្តាប់ការធ្វើបទបង្ហាញដោយសង្ខេបអំពីលទ្ធផលរបស់គម្រោងទាំង៣ ដោយមន្រ្តីជំនាញ JICA រួចមក អង្គប្រជុំបានពិភាក្សា ចោទសួរ និងផ្តល់យោបល់ទាក់ទងនឹងដំណើរការនៃការអនុវត្តគម្រោង វឌ្ឍនភាពដែលយើងទទួលបាននាពេលនេះ រួមទាំងបញ្ហានានាដែលត្រូវរួមគ្នាដោះស្រាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របតាមស្ថានភាពជាក់ស្តែងដែលយើងកំពុងប្រឈមនាពេលនេះ។ តាមការបង្ហាញរបស់មន្រ្តីអនុវត្តគម្រោង ឃើញថាលទ្ធផលសំខាន់ៗដែលគម្រោងទទួលបានគឺ៖
– គម្រោងបានរៀបចំប្រព័ន្ធវាយតម្លៃ និងបញ្ជាក់គុណភាពគ្រាប់ពូជស្រូវ (QDS: Quality Declared Seed System) និងបានបញ្ជូនទៅអគ្គនាយកដ្ឋានកសិកម្មដើម្បីពិនិត្យ និងសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការលើកដំបូងនៅប្រទេសកម្ពុជា ហើយប្រព័ន្ធនេះបានសាកល្បងអនុវត្តរួចហើយនៅខេត្តព្រៃវែង តាកែវ និងខេត្តមួយចំនួនទៀត។
– បានបង្កើនការយល់ដឹងអំពីការប្រើប្រាស់ គ្រោះថ្នាក់ ការវិភាគ និងការគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិតចង្រៃ ព្រមទាំងការយល់ដឹងអំពីបច្ចេកទេស និងច្បាប់ពាក់ព័ន្ធដែលមានជាធរមាន។
– បានអភិវឌ្ឍប្រព័ន្ធផលិតកម្មពូជដំឡូងមី និងអភិរក្សពូជតាមរយ:ការបណ្តុះជាលិកានៅមន្ទីរពិសោធន៍ សុខភាពពូជ សត្វល្អិត និងជំងឺឆ្លង។ល។
– ជួយលើកកម្ពស់សមត្ថភាពយល់ដឹងអំពីខ្សែច្រវាក់តម្លៃផលិតកម្មវារីវប្បកម្ម ធ្វើឲ្យប្រសើរឡើងលើការបញ្ជាក់វិញ្ញាបនបត្រគុណភាពផលិតផលត្រី ដូចជា Cam-GAP និង Cam-ORG។
ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការគាំទ្រចំពោះលទ្ធផលដែលក្រុមការងារសម្រេចបាន និងលើកទឹកចិត្តដល់ក្រុមការងារឲ្យបន្តខិតខំបន្ថែមទៀត ធ្វើយ៉ាងណាឲ្យគម្រោងមានឥទ្ធិពលកាន់ តែទូលំទូលាយដល់ថ្នាក់មូលដ្ឋាន ជាពិសេសវារីវប្បករ កសិករ និងសមាគមន៍កសិកម្មផលិតពូជស្រូវ ដំឡូងមី ទទួលយកទៅអនុវត្តបានល្អប្រសើរ ប្រយោជន៍ចូលរួមលើកកម្ពស់ផលិតភាព ផលិតកម្មពូជ វារីវប្បកម្ម ធានាបានគុណភាព និងសុវត្ថិភាព។ ព្រមជាមួយគ្នា ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឲ្យ JICA ពិនិត្យលទ្ធភាពជួយដល់ប្រព័ន្ធខ្សែច្រវាក់រក្សាផលត្រី និងបន្លែក្នុងទូត្រជាក់ ដើម្បីរក្សាទុកផលិតផលបានយូ ជាពិសេសជួយដល់សមាគមន៍ផលិតបន្លែ ឬបណ្តុំអាជីវកម្មបន្លែ និងត្រីនៅខេត្តគោលដៅរបស់គម្រោង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។