អាជ្ញាធរ​ជាតិ​អប្សរា​ កំពុង​ធ្វើ​កំណាយ សិក្សា​ពី​លទ្ធភាព​ស្ដារ​និង​លើក​តម្លៃ​ត្រពាំង​សេស​ឡើងវិញ​

​ខេត្តសៀមរាប​៖ ត្រពាំង​សេស ដែល​ស្ថិតនៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត បានចាប់ផ្តើម​ប្រែ​រូបរាង​បន្ដិចៗ​ម្ដង ក្រោយ​ពេលដែល​អាជ្ញាធរ​ជាតិ​អប្សរា សម្របសម្រួល​ឲ្យ​មានការ​ផ្លាស់​ទី​តូប​លក់ដូរ ចេញពី​បរិវេណ​ត្រពាំង​នេះ នៅ​ចុងឆ្នាំ​២០២០​។ បច្ចុប្បន្ននេះ គម្រោង​អភិវឌ្ឍន៍ និង​កែលម្អ​ត្រពាំង​សេស កំពុងដំណើរការ ហើយ​អ្នក​បុរាណវិទ្យា​កំពុង​ធ្វើ​កំណាយ​ស្រាវជ្រាវ ដើម្បី​សិក្សា​ពី​លទ្ធភាព​បន្ថែមទៀត​ក្នុងការ​ស្ដារ និង​លើក​តម្លៃ​ត្រពាំង​បុរាណ​នេះ​ឡើងវិញ​។​

​លោក ធឿន សុខុន មន្ត្រី​បុរាណវិទ្យា​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ ឲ្យ​ដឹងថា ក្រុមការងារ​កំណាយរ​ប​ស់លោក បាន​រកឃើញ​សណ្ឋាន​នៃ​ទំនប់​ត្រពាំង​សេស ដូច​ជាមាន​ស្រទាប់​ច្រើន​ថ្នាក់​ដែល​រៀបចំ​ក្នុង​រចនា​សម្ពន្ធ​របស់​ទំនប់​។ ក្រុមការងារ​របស់លោក សុខុន បាន​បើក​រណ្ដៅ​កំណាយ​ចំនួន​១១​ទីតាំង និង​បាន​ប្រទះឃើញ​កុលាលភាជន៍​មួយចំនួន ក៏ដូចជា​បានឃើញ​នូវ​រចនា​សម្ពន្ធ​ទំនប់​ជុំវិញ​ត្រពាំង​កាន់តែច្បាស់​។

លោក​រៀបរាប់ថា ទំនប់​នេះ​ត្រូវបាន​គេ​លើកដី​ព័ទ្ធជុំវិញ បន្ទាប់មក​យក​ដីឥដ្ឋ​ចេញ រួច​ចាក់ដី​ខ្សាច់​លាយ​គ្រួស​បាយក្រៀម បន្ទាប់មក​ប្រើ​ដីឥដ្ឋ​ជា​ស្នួល​ដើម្បី​ឲ្យ​ទំនប់​នៅ​យូរអង្វែង ហើយ​ក្រោយមកទៀត​ប្រើ​ខ្សាច់​មួយ​ស្រទាប់ និង​បុក​បង្ហាប់​ដោយ​ប្រើ​កម្ទេច​ក​ថ្ម​បា​យក​ក្រៀម​លាយ​ដីឥដ្ឋ​។​

​តាម​ការបញ្ជាក់​របស់​លោក ធឿន សុខុន អាជ្ញាធរ​ជាតិ​អប្សរា​មាន​គម្រោង​ស្ដារ​ត្រពាំង​សេស​ឡើងវិញ​នាពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​ស្ដុក​ទឹកបាន​ច្រើនជាង​ពេលមុន ទុកជា​ប្រយោជន៍​ទាំង​ការងារ​អភិរក្ស​ប្រាសាទ និង​ប្រយោជន៍​ប្រជាពលរដ្ឋ​ជុំវិញ​តំបន់​។​

​លោក ជូ រ៉ា​ឌី​ណា អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន និយាយថា ក្រុមការងារ​របស់លោក​កំពុង​មមាញឹក​រៀបចំ​ដាំ​ស្មៅ និង​ដើមឈើ​ជា​បណ្ដើរៗ​ជុំវិញ​ត្រពាំង​សេស​នេះ ដែល​តាម​គម្រោង​គឺ​រៀបចំ​លើ​ផ្ទៃដី​សរុប​ជាង​៣​ម៉ឺន​ម៉ែត្រការ៉េ​។ បច្ចុប្បន្ននេះ ការងារ​បាន​ដំណើរការបាន​ប្រមាណ​៤០​ភាគរយ​ហើយ​។​

​គម្រោង​ដែល​ចាប់ផ្តើម​ពី​ដើមខែ កុម្ភៈ​មកនេះ រៀង​យឺតយ៉ាវ​បន្ដិច ដ្បិតថា​ការងារ​នៅ​ជុំវិញ​ត្រពាំង​សេស​ដែលជា​អតីត​តូប​លក់ដូរ និង​ធ្លាប់មាន​រថយន្ត​បើកបរ​បណ្ដាល​ឲ្យ​ដី​រឹង មាន​ថ្ម​ច្រើន ធ្វើ​ឲ្យ​ក្រុមការងារ​រៀបចំ​សួន​ត្រូវ​ប្រើពេល​យូរ និង​លំបាក​ក្នុងការ​ធ្វើ​ដី​។ លោក ជូ រ៉ា​ឌី​ណា បន្ថែមថា មួយវិញទៀត​បរិវេណ​ត្រពាំង​សេស​ជា​បុរាណ​ដ្ឋា​ន ដែល​ត្រូវធ្វើ​កំណាយ​សិក្សា​ជាមុន ទើប​អាច​រៀបចំ​អ្វី​ផ្សេងៗ​បាន ដូច្នេះ​ក្រុមការងារ​របស់លោក​នឹង​ព​ន្លឿ​ន​ការងារ​រៀបចំ​សួន ក្រោយពេល​ក្រុម​បុរាណ​វិទូ​សិក្សា​រួច​។​

​គួរ​បន្ថែមថា ក្នុង​ផែនការ​ការងារ​ឆ្នាំ​២០២១​នេះ ក្រុមការងារ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ គ្រោង​រៀបចំ​និង​កែលម្អ​បរិស្ថាន​នៅ​តំបន់​មួយចំនួនទៀត​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដែល​ក្នុងនោះ​រួមមាន នៅ​ប្រាសាទអង្គរវត្ត ប្រាសាទព្រហ្មកិល ច្រក​សំពៅ​លូន ប្រាសាទព្រះខ័ន ប្រាសាទបន្ទាយក្ដី ប្រាសាទបាគង និង​ទីតាំង​មួយចំនួនទៀត ក្នុងន័យ​លើក​តម្លៃ​បរិស្ថាន សោភ័ណភាព​ក្នុង​តំបន់​ប្រាសាទ​ឲ្យ​កាន់តែ​ល្អប្រសើរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close