អគ្គរដ្ឋទូតរងរបស់មីយ៉ាន់ម៉ានៅអង់គ្លេស «ធ្វើរដ្ឋប្រហារ» បណ្តេញអគ្គរដ្ឋទូតចេញពីស្ថានទូត
យោធាមីយ៉ាន់ម៉ាបានបណ្តេញមន្ត្រីដែល ប្រឆាំងរបបយោធា នៅក្រៅប្រទេស ។ នៅពេលនេះ អគ្គរដ្ឋទូតមីយ៉ាន់ម៉ា ប្រចាំនៅក្នុងប្រទេសអង់គ្លេស លោក Kyaw Zwar Minn នៅថ្ងៃទី ៧ខែមីនា បានចោទប្រកាន់ ថ្នាក់ក្រោមដណ្តើមគ្រប់គ្រងស្ថានទូត ហើយមិនអនុញ្ញាតឲ្យលោកចូលក្នុងស្ថានទូតទៀតឡើយ។
សារព័ត៌មានរ៉យទ័រ បានដកស្រង់សំដីលោក Zwar Minn ដែលនិយាយទៅកាន់មន្ត្រីក្រសួងការបរទេសអង់គ្លេស ពេលឈរនៅមុខស្ថានទូតថា« ខ្ញុំត្រូវគេឲ្យនៅខាងក្រៅស្ថានទូត។ នេះជាការធ្វើរដ្ឋប្រហារ កណ្តាលទីក្រុងឡុងដុង…អ្នកទាំងអស់គ្នាបានដឹងហើយ ពួកគេដណ្តើមការិយាល័យរបស់ខ្ញុំ»។
សារព័ត៌មានអង់គ្លេសបានផ្សាយថា អគ្គរដ្ឋទូតរងប្រចាំនៅប្រទេសអង់គ្លេស លោក Chit Win បានដណ្តើមសិទ្ធគ្រប់គ្រងស្ថានទូតប្រចាំនៅអង់គ្លេស តាមបទបញ្ជាររបស់រដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា។ ក្រោយមក លោក Chit Win និងមន្ត្រីប្រចាំនៅស្ថានទូតបានសម្រេច ឲ្យលោក Zwar Minn នៅខាងក្រៅស្ថានទូត។
នៅពេលនេះក្រសួងការបរទេសអង់គ្លេស កំពុងតែពិភាក្សា ជាមួយភាគីទាំងពីរដើម្បី ដោះស្រាយបញ្ហា ដោយសន្តិវិធី ។ សារព័ត៌មានរ៉យទ័របានផ្សាយថា កាលពីសប្តាហ៍កន្លងមក អគ្គរដ្ឋទូតប្រចាំនៅអង់គ្លេស បានអំពាវនាវឲ្យដោះលែងលោកស្រី អោងសាន សូជី និងប្រធានាធិបតី Win Myint និងថ្នាក់ដឹកនាំរដ្ឋាភិបាលស៊ីវិលជាច្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។