ឯកឧត្តម វេ​ង សាខុន ស្នើ​ឲ្យ​JICA ជួយ​ដល់ប្រព័ន្ធ​ខ្សែ​ច្រវាក់​រក្សា​ផលិតផល​កសិកម្ម ឲ្យ​រក្សាទុក​បានយូរ​ក្នុង​ទូ​ត្រជាក់​

​ភ្នំពេញ​៖ នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២១ ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន បានទទួល​ជួប​លោកស្រី KAMEI Haruko នាយិកា​អង្គការ JICA ប្រចាំ​នៅ​ព្រះរាជា ណា​ចក្រ​កម្ពុជា និង​ក្រុមការងារ​បច្ចេកទេសរ​បស់​គម្រោង ដើម្បី​ពិនិត្យ និង​វាយតម្លៃ​រួម​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​សម្រាប់​ត្រីមាស​ទី​១ ដើមឆ្នាំ​២០២១​។

​នាឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​មតិ​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​លោកស្រី​នាយិកា និង​សមាជិក​ក្រុមការងារ​បច្ចេកទេស ដែល​បាន​ខិតខំ​បំពេញ ការងារ​យ៉ាង​ស្វិតស្វាញ​សម្រេចបាន​លទ្ធផល​ដែល​យើង​នឹង​ពិនិត្យ និង​វាយតម្លៃ​រួមគ្នា​ក្នុងពេល​បន្តិចទៀតនេះ​។ សកម្មភាព​នេះ​បាន បង្ហាញ​ពី​ការចូលរួម​ទទួលខុសត្រូវ​លើ​ការអនុវត្ត​គម្រោង​ដែល​ទទួលបាន​ការជួយ​ឧបត្ថម្ភ​ថវិកា​ពី​រាជរដ្ឋាភិបាល​ជប៉ុន ដើម្បី​ចូលរួម​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ក្នុងពេល​បច្ចុប្បន្ន ក៏ដូចជា​ពេលអនាគត ធានាបាន​នូវ​សន្តិសុខ​ស្បៀង បង្កើត​ឱកាស​ការងារ និង​កំណើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ​។​

​កិច្ច​ប្រជុំបាន​ដំណើរការ​តាម​កម្មវិធី ដោយបាន​លើកយក​លទ្ធផល​របស់​គម្រោង​នីមួយៗ និង​បញ្ហាសំខាន់ៗ​មក​ពិនិត្យ វាយតម្លៃ និង​ពិភាក្សា ផ្តល់​ធាតុ​ចូល​សំខាន់ៗ​ក្នុងន័យ​ធ្វើយ៉ាងណា​ឲ្យ​សកម្មភាព​របស់​គម្រោង​រក្សាបាន​នូវ​និរន្តរភាព ជោគជ័យ ស្របទៅតាម​បរិបទ​នៃ​ស្ថានភាព​បច្ចុប្បន្ន​។

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការគាំទ្រ​ចំពោះ​លទ្ធផល​ដែល​ក្រុមការងារ​សម្រេចបាន និង​លើកទឹកចិត្ត​ដល់​ក្រុមការងារ​ឲ្យ​បន្ត​ខិតខំ​បន្ថែមទៀត ធ្វើយ៉ាងណា​ឲ្យ​គម្រោង​មាន​ឥទ្ធិពល​កាន់តែ​ទូលំទូលាយ​ដល់​ថ្នាក់មូលដ្ឋាន ជាពិសេស​វា​រី​វប្បករ កសិករ និង​សមាគមន៍​កសិកម្ម​ផលិត​ពូជស្រូវ ដំឡូង​មី ទទួល​យកទៅអនុវត្ត​បានល្អ​ប្រសើរ ប្រយោជន៍​ចូលរួម​លើកកម្ពស់​ផលិតភាព ផលិត​កម្មពូជ វារីវប្បកម្ម ធានាបាន​គុណភាព និង​សុវត្ថិភាព​។

​ព្រមជាមួយ​គ្នា ឯកឧត្តម​រដ្ឋមន្ត្រី បានស្នើ​ឲ្យ JICA ពិនិត្យ​លទ្ធភាព​ជួយ​ដល់​ប្រព័ន្ធ​ខ្សែ​ច្រវាក់​រក្សា​ផល​ត្រី និង​បន្លែ​ក្នុង​ទូ​ត្រជាក់ ដើម្បី​រក្សាទុក​ផលិតផល​បានយូ ជាពិសេស​ជួយ​ដល់​សមាគមន៍​ផលិត​បន្លែ ឬ​បណ្តុំ​អាជីវកម្ម​បន្លែ និង​ត្រី​នៅ​ខេត្ត​គោលដៅ​របស់​គម្រោង​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close