អ្នកពាក់ព័ន្ធ​អ្នកជំងឺ​កូ​វីដ ៣​នាក់ នៅ​ក្រុង​បាវិត ត្រូវ​ទៅពិនិត្យ​សំណាក និង​ធ្វើ​ច​ត្ដា​ឡី​ស័ក​

​ខេត្តស្វាយរៀង​៖ រដ្ឋបាលខេត្ត​ស្វាយរៀង កាលពី​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២១ ម្សិលមិញ បាន​ជូនដំណឹង​ពី​ការរកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ចំនួន​៣​នាក់​បន្ថែមទៀត ដែល​ប្រកាស​ផ្លូវការ​ដោយ​ក្រសួងសុខាភិបាល ស្ថិតនៅ​ភូមិ​ច្រក​លាវ សង្កាត់​បាវិត ក្រុង​បាវិត រួមមាន​បុរស​ឈ្មោះ ជាង ចាន់​សា​ឃុន អាយុ​២៦​ឆ្នាំ​, កុមារី​ឈ្មោះ សាន និមល អាយុ​១៦​ឆ្នាំ និង​កុមារី​អាយុ​០១​ឆ្នាំ​។​

​រដ្ឋបាលខេត្ត​ស្វាយរៀង បាន​បញ្ជាក់ថា នៅ​អំឡុង​ខែមីនា ឆ្នាំ​២០២១​កន្លងមកនេះ អ្នក​ទាំងបី​ខាងលើ បាន​ប៉ះពាល់​ជាមួយ​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ឈ្មោះ សាន សុ​ឃា អាយុ​២៦​ឆ្នាំ​។​

​នៅ​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០២១ ក្រុមការងារ ក៏បាន​យក​វត្ថុ​វិភាគ​សំណាក ដើម្បី​ធ្វើតេស្ត​នៅ​វិទ្យាស្ថាន​សុខភាព​សាធារណៈ ជា​លទ្ធផល​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ហើយ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​សាមគ្គី​រំដួល នៅ​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០២១​។ ចំពោះ​អ្នក​ដែល​បាន​ប៉ះពាល់ ដោយផ្ទាល់​ជាមួយ​អ្នកជំងឺ មាន​ចំនួន​០៣​នាក់ ស្រី​ម្នាក់ ក្រុមការងារ​បាន​យក​វត្ថុ​វិភាគ​សំណាក​ធ្វើតេស្ត​រង់ចាំ​លទ្ធផល និង​បានដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​រយៈពេល ១៤​ថ្ងៃ ដើម្បី​តាមដាន​សុខភាព​។​

​ក្រុមការងារ​កំពុង​ស្វែងរក​ទីតាំង និង​អ្នក​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩ ខាងលើ​បន្ថែមទៀត និង​សូម​អំពាវនាវ​ដល់​អ្នក​ដែល​ពាក់ព័ន្ធ ឬ​ដឹងខ្លួន​ថា​បាន​ប៉ះពាល់​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល គិត​ចាប់ពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២១ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​រយៈពេល​១៤​ថ្ងៃ​។ ប្រសិនបើ​មានការ​ប្រែប្រួល​សុខភាព សូម​ផ្តល់ព័ត៌មាន​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​ទំនាក់ទំនង​មកកាន់​លេខ​ទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ / ០៤៤ ៧១២ ៥២២ ដើម្បី​ក្រុមការងារ​ចាត់វិធានការ​បន្ត​។​

​ទន្ទឹមនេះ រដ្ឋបាលខេត្ត សូម​ថ្លែងអំណរគុណ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់ និង​បុគ្គលិក​សុខាភិបាល ខិតខំ​បំពេញភារកិច្ច​បានល្អ​ប្រសើ​រ ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ចូលរួម​សហការ​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូលទៅក្នុង​សហគមន៍ នៅក្នុង​ខេត្តស្វាយរៀង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close