ក្រសួង​អប់រំ ណែនាំ​ឲ្យ​មន្ត្រី​ថ្នាក់ជាតិ​ទាំងអស់ ធ្វើការ​តាម​អន​ឡាញ

ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីណែនាំ ស្ដីពី វិធានការ​សម្រាប់​មន្ត្រី​អប់រំ បម្រើការ​នៅតាម​អង្គភាព ថ្នាក់ជាតិ ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​ក្នុង​សេចក្ដីណែនាំ បាន​ឲ្យ​ដឹងថា ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់ ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ណែនាំ​ដល់​មន្ត្រី​អប់រំ​បម្រើការ នៅតាម​អង្គភាព​ថ្នាក់ជាតិ​ទាំងអស់ ដូចខាងក្រោម​៖

* រាល់​ការងាររដ្ឋបាល​ទាំងអស់ ត្រូវ​អនុវត្តតាម​ប្រព័ន្ធ​អន​ឡាញ ទាំងស្រុង​
* មន្ត្រី​អប់រំ​ទាំងអស់​ត្រូវ​បំពេញការងា​រ នៅតាម​ផ្ទះ​រៀងៗ​ខ្លួន តាម​ប្រព័ន្ធ​អន​ឡាញ​
* គ្រប់​អង្គភាព​ទាំងអស់ មិនចាំបាច់​រៀបចំ​វេន​ការងារ ឬ​មន្ត្រី​ប្រចាំការ​
* អង្គភាព​ថ្នាក់ជាតិ​ទាំងអស់ ត្រូវ​តាមដាន និង​រាយការណ៍​ជាប្រចាំ​អំពី ស្ថានភាព​សុខភាព​របស់​មន្ត្រី​
* ករណី​មានការ​សង្ស័យ ឬ​ស​ភាពមិនប្រក្រតី ដែលជា​រោគសញ្ញា​នៃ​ជំងឺ​កូ​វីដ​-១៩ ត្រូវ​រាយការណ៍ ឬ ទូរស័ព្ទ ទៅ​លេខ ១១៥ ជាបន្ទាន់​។​

​ក្រសួង​បញ្ជាក់ថា ទទួលបាន​សេចក្តីណែនាំ​នេះ អង្គភាព​ថ្នាក់ជាតិ​ទាំងអស់ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ និង​ចូលរួម​សហការ​អនុវត្ត ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close