រសៀលថ្ងៃនេះ មានស្រ្តីវ័យ៥៥ឆ្នាំម្នាក់ទៀតស្លាប់ដោយសារជំងឺកូវីដ១៩
ក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនចេញផ្សាយនៅល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះថា នៅរសៀលនេះ មានស្រ្តីជនជាតិខ្មែរអាយុ ៥៥ឆ្នាំ រស់នៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
អ្នកជំងឺ ត្រូវរកឃើញ វិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ដដែលនោះ ដោយស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរ តាំងពីចូលសម្រាកពេទ្យដំបូង តម្រូវឲ្យក្រុមគ្រូពេទ្យ ប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមតាំងពីថ្ងៃចូលសម្រាកពេទ្យដំបូង។
តែទោះបីជាក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស យ៉ាងណាក៏ដោយ ក៏មិនអាចជួយអ្នកជំងឺបាន ហើយស្ថានភាពអ្នកជំងឺ កាន់តែធ្ងន់ធ្ងរឡើងៗ ដែលបណ្តាលឲ្យអ្នកជំងឺបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០២៖៥៦នាទីរសៀល។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីជនជាតិខ្មែរ អាយុ៥៥ឆ្នាំខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយខ្សោយសួតធ្ងន់ធ្ងរ រលាកសួតសងខាង ដោយសារវីរុសកូវីដ-១៩ លើអ្នកជំងឺទឹកនោមផ្អែម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។