រដ្ឋបាលខេត្តសៀមរាប អនុញ្ញាតឲ្យផ្ទះ និងអាជីវកម្មដ្ឋាន ១៥កន្លែង បើកដំណើរការឡើងវិញ
ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ករណីពាក់ព័ន្ធនឹង លោក ហ៊ឹម វណ្ណៈ មុខរបរជាអ្នកបើកបររថយន្តឈ្នួល ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ និងមានការឆ្លងបន្តទៅអ្នកពាក់ព័ន្ធចំនួន ៤នាក់ រដ្ឋបាលខេត្ត បានស្វែងរកអ្នកពាក់ព័ន្ធ និងបិទទីតាំងអាជីវកម្ម ផ្សារគោកធ្លក និងផ្ទះសរុបចំនួន ២១ទីតាំង។
ជុំវិញករណីនេះ គឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់ក្រុមការងារជំនាញ ដូចនេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបើកការចេញ-ចូល ឬដំណើរការឡើងវិញទីតាំងចំនួន១៥ទីតាំង ក្នុងនោះស្រុកប្រាសាទបាគងមាន៣ផ្ទះ និងក្រុងសៀមរាបមាន១២ទីតាំង ដែលមាន៨ផ្ទះ និងអាជីវកម្មដ្ឋាន៤ទីតាំង(ផ្ទះសំណាក់វិមានស្ពាននាគ ហាងលក់គោដុត ហាងកាហ្វេលឹង្គ១០០០ និងផ្សារគោកធ្លក)។ ប៉ុន្តែផ្ទះចំនួន៦ ត្រូវបន្តបិទឲ្យធ្វើចត្តាឡីស័កក្នុងផ្ទះ និងដាក់ឲ្យស្ថិតក្នុងការត្រួតពិនិត្យរបស់កងកម្លាំង រួមមាន ១-យានដ្ឋាន ឡាយ ជឺវេង ២-ផ្ទះ លោក សាន ប៉ោលាង ៣-ផ្ទះ លោក ខេង សុវណ្ណភក្តី ៤-ផ្ទះ លោក វិន ឡន ៥-ផ្ទះ លោក ញ៉ន ភាព និង ៦-ផ្ទះ លោក វ៉ាត យ៉េត រហូតដល់មានការជូនដំណឹងនាពេលបន្ទាប់។
រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬជែល និងត្រូវរក្សាគម្លាតសង្គម) ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា)។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រដ្ឋបាលក្រុងសៀមរាប រដ្ឋបាលស្រុកប្រាសាទបាគង ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ មេឃុំ-ចៅសង្កាត់ បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាជ្រាប និងចូលរួមសហការអនុវត្តសេចក្តីជូនដំណឹងនេះដោយស្មារតីទទួលខុសត្រូវខ្ពស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។