ឥណ្ឌូណេស៊ី បង្កើន​ការជួយ​សង្គ្រោះ​នៅ​កោះ​ជ្វា ក្រោយ​គ្រោះ​រញ្ជួយ​ដី ស្លាប់​មនុស្ស ៨​នាក់​

​ឥណ្ឌូណេស៊ី​៖ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក ចូ​កូ វី​ដូ​ដូ (Joko Widodo) បាន​បញ្ជា​អោយមាន​ការខិតខំ​ប្រឹង​ប្រែង​ជួយសង្គ្រោះ និង​ជួយសង្គ្រោះ​ភ្លាមៗ បន្ទាប់ពី​មាន​មនុស្ស​៨​នាក់​បាន​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​រងរបួស​នៅក្នុង​ហេតុការណ៍​គ្រោះ​រញ្ជួយ​ដី​មួយ​បាន​វាយប្រហារ​នៅ​កោះ​ជ្វា​ភាគខាងត្បូង ។​

​លោក ចូ​កូ វី​ដូ​ដូ បាន​ថ្លែង​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ខ្ញុំ​បានចេញ​បញ្ជា​ភ្លាមៗ អោយមាន​ការឆ្លើយតប​ជាបន្ទាន់ ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​ស្វែងរក​ជនរងគ្រោះ​ដែល​ជាប់​ក្រោម​ផ្ទាំង​ថ្ម​ដែល​បាក់​រលំ និង​ជួយ​ព្យាបាល​ដល់​អ្នក​ដែល​រងរបួស ។

គ្រោះ​រញ្ជួយ​ដី​ក្នុង​កម្រិត​៥,៩​រ៉ិ​កទ័រ​បាន​វាយប្រហារ​កោះ​ជ្វា​របស់​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុននេះ (​ម៉ោង​ក្នុង​តំបន់​) ដោយបាន​បំផ្លាញ​អាគារ​រាប់រយ​កន្លែង​នៅក្នុង​ទីក្រុង​ជាច្រើន ។ គ្រោះ​រញ្ជួយ​ដី​នេះ បាន​បង្ក​ការ​ញ័រ​រញ្ជួយ​នៅ​ម៉ោង​២​រសៀល ធ្វើអោយ​កក្រើក​ទូទាំង​ខេត្ត​ជ្វា​ខាងកើត ដែលមាន​មនុស្ស​៤០,៧​លាន​នាក់​រស់នៅ និង​បណ្តា​ខេត្ត​ជុំវិញ រួមទាំង​កោះ​បាលី​ផងដែរ ។​

​សូម​ជម្រាប​ផងដែរ​ថា ឥណ្ឌូណេស៊ី​ជា​ប្រទេសមួយ​ដែល​ស្ថិតនៅលើ​តំបន់​ខ្សែ ក្រវាត់ភ្លើង (Ring of fire) នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដូច្នេះ​ប្រទេស​អាស៊ាន​មួយ​នេះ តែងតែ​រង​ការវាយប្រហារ​ជា​ញឹកញាប់ ដោយ​គ្រោះ​រញ្ជួយ​ដី និង​ប​ន្ទុះ​ភ្នំភ្លើង​ជាដើម ។ ហេតុ​ដូច្នេះហើយ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​បាន​ណែនាំ​អោយ​ប្រជាជន​ខ្លួន​គួរតែមាន​ការប្រុងប្រៀប​ខ្លួន​ជានិច្ច ចំពោះ​ការវាយប្រហារ​ពី​គ្រោះមហន្តរាយធម្មជាតិ ៕

 

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close