​ទឹក​ទន្លេ​សេកុង​ឡើង​ជិត​ដល់​កម្រិត​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន អាជ្ញាធរ​បន្ត​ជម្លៀសប្រជា​ពលរដ្ឋ​ទៅ​កាន់​ទីទួល​សុវត្ថិភាព​

ក្រសួង​ធនធាន​ទឹក និង​ឧតុ​និយម​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ម៉ោង ៣:៣០ នាទី​រសៀល​ថ្ងៃ​ទី២៥ ខែ​កក្កដា ឆ្នាំ ២០១៨ នេះ ទឹក​ទន្លេ​សេកុង បាន​កើន​ឡើង​ដល់​កម្ពស់ ១១,៤២ ម ហើយ ដែល​ជិត​ដល់​កម្រិត​កម្ពស់​ប្រកាស​ឱ្យ​ប្រុង​ប្រយ័ត្ន​ហើយ។

ជា​មួយ​នឹង​ការ​បន្ត​កើន​ឡើង​នូវ​កម្ពស់​ទឹក​នេះ អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ក៏​កំពុង​បន្ត​ជម្លៀសបងប្អូនប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តំបន់​ទំនាប​តាម​ដង​ទន្លេ​សេកុង ទៅ​កាន់​ទីទួល​សុវត្ថិភាព​ដែរ។

បើ​តាម​ការ​បញ្ជា​ក់​របស់​ក្រសួង​ធនធាន​ទឹក នៅ​រសៀល​ថ្ងៃ​នេះ ទឹក​ជំនន់​ដែល​ហូរ​ធ្លាក់​ពី​ប្រទេស​ឡាវ បាន​បន្ត​ជន់លិច​ចូល​ភូមិ​ឋានប្រជា​ពលរដ្ឋ​មួយ​ចំនួន​ដែល​ស្ថិត​នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ឡាវ ក្នុង​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង ដែល​រួម​មាន​ភូមិ​សរុប​ចំនួន ១៧ ភូមិ ក្នុង​ឃុំថ្មកែវ ឃុំ​សន្តិភាព ឃុំសេកុង និង​ឃុំស្រែសំបូរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close