ស្ងាប់ស្ងាត់ជាង១ឆ្នាំ ពេលនេះ ឡាវរកឃើញករណីឆ្លងកូវីដ១៩ ជាថ្មី
ឡាវជាប្រទេសមានករណីឆ្លងកូវីដ១៩ តិចជាងគេបំផុតក្នុងតំបន់ ហើយមិនមានករណីស្លាប់ឡើយ ។ រយៈពេលមួយឆ្នាំកន្លងមក ឡាវមិនមានករណីឆ្លងនោះឡើយបើទោះបីប្រទេសជិតខាងបានឆ្លងជាច្រើន ។ ប៉ុន្តែនៅពេលនេះ ឡាវបានរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីក្នុងសហគមន៍ជាលើកដំបូង។
កាលពីល្ងាចថ្ងៃទី១១ខែមេសា ក្រសួងសុខាភិបាលឡាវ បានរកឃើញមានករណីឆ្លងកូវីដ១៩ ក្នុងសហគមន៍ពីរនាក់ ក្នុងនោះមានម្នាក់មិនដែលចេញទៅក្រៅប្រទេសឡើយក្នុងរយៈពេល ជាង ១ឆ្នាំកន្លងមក ។ នេះជាករណីឆ្លងកូវីដ១៩ ក្នុងសហគមន៍ដំបូងគេបង្អស់ ក្នុងប្រទេសឡាវ រយៈពេល ជាង ១ឆ្នាំកន្លងមក។
អ្នកជំងឺទាំងពីរគឺស្ថិតនៅក្នុងទីក្រុងវៀងចាន់ ហើយបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Mittaphab ដើម្បីព្យាបាល។ ក្នុងចំណោមអ្នកជំងឺពីរនាក់ មានម្នាក់ជាអ្នកជំនួញអាយុ៤១ឆ្នាំ ជនជាតិថៃ ជាប្រធានហាងកាហ្វេអិនធឺណិត នៅក្នុងស្រុក Chanthabouly បានរស់នៅក្នុងប្រទេសឡាវជាងមួយឆ្នាំមកហើយ។ កាលពីមួយសប្តាហ៍ មុនបុរសរូបនេះបាន ជួបជាមួយជាមួយជនជាតិថៃ ដែលចូលមកទឹកដីឡាវខុសច្បាប់។ មកទល់បែនេះគេមិនទាន់ដឹងពីអត្តសញ្ញាណជនជាតិថៃខាងលើនៅឡើយទេ។
នៅថ្ងៃទី ៨ខែមេសា អ្នកជំងឺជនជាតិថៃមានអារម្មណ៍ពិបាកដកដង្ហើម ក្អក ហត់នឿយ ឈឺខ្លួនប្រាណ ហើយក៏ត្រូវធ្វើតេស្តរកកូវីដ ១៩ ហើយលទ្ធផលក៏បានរកឃើញវិជ្ជមានកូវីដ ១០ នៅថ្ងៃទី១០ខែមេសា។ ចំណែកអ្នកដែលប៉ះពាល់១០នាក់ ផ្សេងទៀតមិនទាន់មានសញ្ញានៅឡើយទេ ។ ក្រុមគ្រូពេទ្យកំពុងតែតានដានស្វែងរកអ្នកដែលប៉ះពាល់ទាំងអស់។
បច្ចុប្បន្នឡាវ គឺជាប្រទេសមានករណីឆ្លង តែ ៥១នាក់ប៉ុណ្ណោះ មកទល់ពេលនេះ និងមិនមានអ្នកស្លាប់នោះឡើយ។ នៅពេលនេះឡាវបង្កើនការប្រុងប្រយ័ត្នខ្ពស់ខណៈចូលឆ្នាំថ្មី ២០២១បានចូលមកដល់ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។