​រថយន្ត​ក្រុង​សាធារណៈ​របស់​សាលា​រាជធានី​ភ្នំពេញ នឹង​ផ្អាកការ​បម្រើ​សេវា​នៅ​ថ្ងៃ​ទី២៩ កក្កដា​

យោង​តាម​សេចក្តី​ជូន​ដំណឹង​មួយ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ខ្លួន​នឹង​ផ្អាក​សេវា​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង រយៈ​ពេល​១​ថ្ងៃ គឺ​នៅ​ថ្ងៃ​អាទិត្យ ទី២៩ ខែ​កក្កដា ខាង​មុខ។

ការផ្អាក​នេះ គឺ​ដើម្បី​អនុ​វត្ត​​តាម​ការ​អំពាវនាវ​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត និង​ក្រសួង​ការ​ងារ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ដើម្បី​ឲ្យ​បុគ្គលិករដ្ឋាករ​បាន​អនុ​វត្ត​​សិទ្ធិ ក្នុង​នាម​ពលរដ្ឋ​ខ្មែរ​បាន​ទៅ​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នីតិកាល​ទី៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា។

យ៉ាង​ណា​ក៏​ដោយ សាលា​រាជធានី​ភ្នំពេញ​បាន​​បញ្ជា​ក់​ថា ខ្លួន​នឹង​ដាក់​ឲ្យ​ដំណើរ​ការជា​ធម្មតា​ឡើង​វិញ​នូវ​សេវា​រថយន្ត​ក្រុង នា​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៨ អាស្រ័យ​ហេតុ​នេះ សូម​បងប្អូនប្រជា​ពលរដ្ឋ​ដែល​ប្រើ​ប្រាស់​សេវា​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង​ទាំង​អស់​មេត្តា​ជ្រាប និង​យោគ​យល់​អធ្យាស្រ័យ ចំពោះ​ការផ្អាក​ដំណើរ​ការ​ខាង​លើ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close