អភិបាលខេត្តកំពង់ស្ពឺ សំណេះសំណាលជាមួយមន្ត្រីក្រោមឱវាទ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

បន្ទាប់ពីគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជារួច នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ។

ក្នុងលក្ខណៈជាគ្រួសារតែមួយ នៃក្រុមគ្រួសារមន្ត្រីរាជការនៃរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានមានមតិសំណេះសំណាល ដោយបានបញ្ជាក់ថា ឆ្លងតាមរយៈកាលបំពេញការងារដ៏នឿយហត់ របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អស់រយៈពេល១ឆ្នាំមកនេះ ធ្វើឲ្យទទួលបាននូវលទ្ធផល ជាផ្លែផ្កាជាទីមោទនៈក្រៃលែង ។ ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តទៀតថា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រោមគោលនយោបាយឈ្នះៗ បានធ្វើឲ្យប្រទេសជាតិទាំងមូល ទទួលបានសន្តិភាពពេញលេញ និង ធ្វើឲ្យសេដ្ឋកិច្ចជាតិ ប្រទេសជាតិទាំងមូលមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។

ស្របពេលជាមួយគ្នានេះដែរ ឯកឧត្តម វ៉ី សំណាង ក៏បានអំពាវនាវឲ្យមន្ត្រីរាជការទាំងអស់គ្នា នៅថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីខាងមុខសូមចូលរួមអនុវត្តនូវវិធានការបង្ការ និង ទប់ស្កាត់ការរាតត្បាតនៃជម្ងឺកូវីដ-១៩ ហើយចៀសវាងនូវការធ្វើដំណើរចេញក្រៅផ្ទះប្រសិនបើជាមិនចាំបាច់ ជៀសវាងរាល់ការជួបជុំគ្នាទាំងឡាយណាដែលមានសភាពអ៊ូអរ នឹងត្រូវអនុវត្តវិធានការ “៣កុំ ៣ការពារ” រួមជាមួយនឹងវិធានការសុខាភិបាលចាំបាច់ផ្សេងៗទៀត ដើម្បីចូលរួមកាត់ផ្ដាច់នូវឬសគល់នៃជំងឺកូវីដ-១៩( covid-19 )ទាំងអស់គ្នា ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close