អាជ្ញាធរខេត្តឧត្ដរមានជ័យ បន្តចុះត្រួតពិនិត្យគោលដៅបិទការធ្វើដំណើរឆ្លងខេត្តតាមក្រុង-ស្រុក ដែលជាប់ព្រំប្រទល់ខេត្តព្រះវិហារ ខេត្តសៀបរាប និងខេត្តបន្ទាយមានជ័យ

(ឧត្ដរមានជ័យ)៖ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញចុះត្រួតពិនិត្យគោលដៅបិទការធ្វើដំណើរឆ្លងខេត្ត ក្នុងស្រុកបន្ទាយអំពិល ដែលជាប់ព្រំប្រទល់ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមអមដំណើរពីសំណាក់លោកនាយករងរដ្ឋបាលសាលាខេត្ត មន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ។

ឯកឧត្ដម ប៉ែន កុសល្យ បានមានប្រសាសន៍លើកឡើងថា ការបិទការធ្វើដំណើរចេញចូលពីខេត្តមួយទៅខេត្តមួយនាពេលនេះ ដោយអនុវត្តតាមសេចក្ដីសម្រេចលេខ ៤៤ ស.ស.រ របស់រាជរដ្ឋាភិបាល ស្ដីពីការហាមឃាត់ ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសជាបណ្ដោះ អាសន្នដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ រយៈពេល១៤ថ្ងៃ ពិសេស ការកាត់ផ្តាច់ខ្សែចម្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ តាមរយៈ ការការចរាចរណ៍ពីតំបន់មួយ ទៅកាន់តំបន់មួយទៀត ពីតំបន់ដែលមានហានិភ័យខ្ពស់ មកកាន់មូលដ្ឋានរបស់យើង។ ហើយចំពោះការបិទចរាចរណ៍នេះគឺត្រូវបានអនុគ្រោះលើការធ្វើចរាចរណ៍ចំពោះរថយន្តដឹកទំនិញ រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ រថយន្តមន្ត្រីរាជការសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលចុះបំពេញបេសកកម្ម ឬមានលិខិតបញ្ជាក់ពីប្រធានអង្គភាព ឬរថយន្តអ្នកជំងឺដែលមានលិខិតបញ្ជាក់ពីមន្ទីរពេទ្យ។

នៅក្នុងឱកាសចុះត្រួតពិនិត្យនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកគ្រឿងឧបភោគបរភោគដែលមានដូចជាអង្ករ ទឹកសុទ្ធ ភេសជ្ជៈ ម៉ាស់ ជែល ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ សាច់ជ្រូក អំពូលស៊ូឡា និងថវិកា១.០០០.០០០ រៀល ក្នុមួយគោលដៅសម្រាប់ឧបត្ថម្ភដល់កងកម្លាំងដែលកំពុងឈរជើងនៅតាមគោលដៅ៕

គួរបញ្ជាក់ថា គោលដៅដែលបានដាក់ការត្រួតពិនិត្យការធ្វើដំណើរឆ្លងខេត្ត ក្នុងខេត្តឧត្ដរមានជ័យមានប្រាំគោលដៅ៖

-ស្រុកចុងកាល់មានមួយគោលដៅ ជាប់ស្រុកស្រីស្នំ ខេត្តសៀមរាប

-ស្រុកអន្លង់វែងមានមួយគោល ជាប់ស្រុកវ៉ារិន ខេត្តសៀមរាប

-ស្រុកត្រពាំងប្រាសាទមានមួយគោលដៅ ជាប់ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

-ស្រុកបន្ទាយអំពិលមានពីរគោលដៅ ជាប់ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close