ចិន ផ្តល់ជំនួយ​វ៉ាក់សាំង ៤០​ម៉ឺន​ដូ​ស​ទៀត នឹង​បញ្ជូន​មកដល់​កម្ពុជា ចុងខែ​មេសា​នេះ​

​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១៣ មេសា នេះ​បានប្រកាស​តាម​ហ្វេ​ស​បុក​ផ្លូវការ​របស់ខ្លួន​ថា មាន​ដំណឹង​ល្អ ដោយ​បញ្ជាក់ថា ដើម្បី​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ច​ប្រយុទ្ធប្រឆាំង​ជំងឺ​វីរុស​កូ​វីដ​-១៩ រដ្ឋាភិបាល​ចិន​សម្រេច​ផ្តល់​ជំនួយឥតសំណង​ជា​វ៉ាក់សាំង​កូ​វីដ Sinopharm ចំនួន ៤០ ម៉ឺន​ដូ​ស​បន្ថែមទៀត​ដល់​ភាគី​កម្ពុជា​។


​
វ៉ាក់សាំង​ទាំងនេះ​នឹង​ដឹកជញ្ជូន​មកដល់​ប្រទេស​កម្ពុ​ជានា​ចុងខែ​មេសា​ខាងមុខនេះ​តាមរយៈ​ជើងហោះហើរ​ពាណិជ្ជកម្ម​។ ចិន​បានផ្តល់​ជំនួយឥតសំណង​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ចំនួន​១​លាន​៣​សែន​រួចមកហើយ​។​

​ថ្មីៗ​នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានលើកឡើង​ដែរ​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​នឹង​បញ្ជូន​មកដល់​កម្ពុជា​ជា​បន្តបន្ទាប់​ទៀត នៅក្រោយ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​។

​បច្ចុប្បន្ន កម្ពុ​ជាមាន​វ៉ាក់សាំង​៣​ប្រភេទ​កំពុង​ចាក់​ជូន​ពលរដ្ឋ​ដោយ​គិតថ្លៃ រួមមាន ស៊ី​ណូ​ហ្វា​ម ស៊ី​ណូ​វ៉ា​ក់ និង វ៉ាក់សាំង​កូ​វី​សៀ ក្រោម​យន្តការ​កូ​វ៉ា​ក់រ​បស់​អង្គការ​សុខភាព​ពិភពលោក​។ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ទូទាំង​ជាង​១​លាន​នាក់​ហើយ តាំងពី​ថ្ងៃទី​១០ កុម្ភៈ​មក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close