លោក ឆាំង យុ ឈ្នះ​ពានរង្វាន់​ណូបែល​ទ្វីបអាស៊ី​

​លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC-Cam) បានឈ្នះ​ពានរង្វាន់ Ramon Magsaysay លើក​ទី​៦០ ដែលជា​ពានរង្វាន់​ដ៏​ធំ​មួយ​ប្រចាំ​តំបន់ ប្រៀប​ដូច​ពានរង្វាន់​ណូបែល (Nobel) ប្រចាំ​ទ្វីបអាស៊ី​។​

​លោក​គឺជា​អ្នកឈ្នះ​មួយរូប ក្នុងចំណោម​អ្នកឈ្នះ​ទាំង ៦​រូប នៅក្នុង​ឆ្នាំ​២០១៨ នេះ​។ អ្នកឈ្នះ ៥​រូប​ផ្សេងទៀត រួមមាន​លោក Dee Howard (​ហ្វីលីពីន​) លោកស្រី Cruz Maria de Lourdes Martins (​ទី​ម័​រ​) លោក Vatwani Bharat (​ឥណ្ឌា​) លោកស្រី Vo Thi Hoang Yen (​វៀតណាម​) និង​លោក Wangchuk Sonam (​ឥណ្ឌា​)​។ ពិធី​ប្រគល់​ពានរង្វាន់ ដល់​អ្នកឈ្នះ​ទាំង ៦​រូប នឹងធ្វើ​ឡើង​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នា​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៨​។​

​គេហទំព័រ​ផ្លូវកា​របស់​ពានរង្វាន់ Ramon Magsaysay បាន​បញ្ជាក់ថា លោក​ឆាំង យុ បានឈ្នះ​ពានរង្វាន់​នេះ ដោយសារតែ​លោក​បានរួម​ចំណែក​រក្សា​ការចងចាំ​ជា​ប្រវត្តិសាស្ដ្រ សម្រាប់​ការផ្សះផ្សា និង​ភាព​យុត្ត​ធម៌​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក ឆាំង យុ អាយុ ៥៧​ឆ្នាំ គឺជា​ជនរងគ្រោះ​មួយរូប​នៅក្នុង​របប​ខ្មែរក្រហម ដែល​បាន​ភៀសខ្លួន​ទៅកាន់​សហរដ្ឋអាមេរិក​។ លោក​បាន​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​នៅ​ដើម​ទសវត្សរ៍ ១៩៩០ ហើយ​បាន​ដឹកនាំ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩៥ មក​។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ជា​កន្លែង​ប្រមូល​ព័ត៌មាន​ដើម្បី​ស្វែងរក​ភាពយុត្តិធម៌​ដល់​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​។​

​សូមបញ្ជាក់ថា ពានរង្វាន់ Ramon Magsaysay ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៥៧ ដើម្បី​ជាការ​រំឭក​ដល់​ការដឹកនាំ​របស់​ប្រធានាធិបតី​ទី​៧ របស់​ហ្វីលីពីន Ramon Magsaysay ដែល​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ កាលពី​ឆ្នាំ​១៩៥៧៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close