សម្តេច​តេ​ជោ ហ៊ុន សែន​៖ រីករាយ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​!

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ បាន​ថ្លែង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា នា​ថ្ងៃទី​១៤-១៦ ខែមេសា ឆ្នាំ​២០២១ ​អស់​រយៈពេល​២​ឆ្នាំ​ហើយ ដែល​កម្ពុជា​យើង​បាន​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន ដោយសារតែ​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​១៩​។ ទោះបី​យើង​មិន​បានធ្វើ​ពិធីបុណ្យ​ជួបជុំគ្នា​ច្រើន​អ៊ូអរ​នៅ​ខាងក្រៅ ក៏​យើង​នៅតែ​គោរព​ទៅតាម​ប្រពៃណី​ទំនៀមទម្លាប់​ជាតិ ប៉ុន្តែ​នៅពេលនេះ​គឺ​ធ្វើ​ទៅតាម​គន្លង​បែប​ថ្មី​មួយរយៈ​ដើម្បី​ចៀស​ផុតពី​ជំងឺឆ្លង​កូ​វីដ​១៩​។

​សូម​បងប្អូន​ជនរួមជាតិ​ប្រុងប្រយ័ត្ន​ធូប​ទៀន​ដុត​នៅក្នុង​ផ្ទះ​ចៀសវាង​អគ្គីភ័យ​ជាយថាហេតុ​ណាមួយ​ដោយសារ​មិនបាន​ប្រុងប្រយ័ត្ន​ជាមុន​។ សូម​បងប្អូន​បន្ត​អនុវត្តតាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ ៣​ការពារ ៣​កុំ ឲ្យ​បាន​ខ្ជាប់ខ្ជួន​ជានិច្ច​។ សូម​អរគុណ​បងប្អូន​ជនរួមជាតិ​ដែល​បាន​យោគយល់​ដល់​ការដាក់​បម្រាម​គោចរ​មិនអោយ​ធ្វើដំណើរ​ឆ្លងកាត់​ខេត្ត​ជា​បណ្តោះអាសន្ន​មួយរយៈ​ពេល​ខ្លី ដើម្បី​បង្ការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​។​

​សូមកុំ​ចេញ​ក្រៅ​ផ្ទះ ប្រសិនបើ​គ្មាន​ការចាំបាច់ ហើយ​ត្រូ​តែ​ពាក់​ម៉ាស​ដាច់ខាត និង​ត្រូវ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​, ចឹ​ល ឬ​ទឹក​អាល់កុល​។ ប្រសិនបើ​ចាំបាច់​ត្រូវ​ជួប​មនុស្ស​នៅ​ខាងក្រៅ ត្រូវ​រក្សា​គម្លាត​ឱ្យ​ឆ្ងាយ​ពីគ្នា​យ៉ាងហោចណាស់​១​ម៉ែត្រ​កន្លះ​។ ចំពោះ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក គឺត្រូវធ្វើ​ឱ្យបាន​ត្រឹមត្រូវ​ហ្មត់ចត់​បំផុត​។

​នៅ​ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ថ្ងៃនេះ ខ្ញុំ​និង​ភរិយា​សូម​ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​និង​ជូនពរ​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង​និង​ក្រៅប្រទេស ព្រមទាំង​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ដែល​កំពុង​ឈរជើង​នៅតាម​ព្រំដែន​មាន​សុខ​ភាពល្អ ចៀស​ផុតពី​ជំងឺ​កូ​វី​-១៩ ព្រមទាំង​ពរ​៥​ប្រការ​គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ និង​បដិភាណៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close